(ទីក្រុងញូវយ៉ក)៖ លោក កែវ ឈា
ឯកអគ្គរាជទូតតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.)
បានបន្តថ្លែងប្រាប់ដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
ពីអំពើឈ្លានពានរបស់ថៃ មកលើកម្ពុជាកាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥
ដែលបានបង្កផលវិបាកមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ ដល់ជនស៊ីវិលកម្ពុជាប្រមាណ ៦៤៩ ០០០
នាក់ត្រូវបានរត់ភៀសសឹក និងហេដ្ឋារចនាសម្ព័ន្ធស៊ីវីលជាច្រើន
រួមទាំងប្រាសាទរបស់កម្ពូជាត្រូវបានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ។
លោក កែវ ឈា
បានថ្លែងដូចនេះនារសៀលនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦
នាឱកាសដែលលោកចូលរួមថ្លែងសេចក្តីថ្លែងការណ៍នៅក្នុងកិច្ចប្រជុំបើកចំហររបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
ស្តីពី «កិច្ចការពារជនស៊ីវិលក្នុងជម្លោះប្រដាប់អាវុធ» ដែលរៀបចំដោយស្ថានបេសកកម្មសាធារណរដ្ឋប្រជាមានិតចិន
ក្នុងនាមជាប្រធាននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់ខែឧសភា
ឆ្នាំ២០២៦ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក។
នៅក្នុងសេចក្តីថ្លែងការណ៍នោះ
លោក កែវ ឈា បានគូសបញ្ជាក់អំពីគោលការណ៍
និងសារៈសំខាន់នៃការគោរពច្បាប់មនុស្សធម៌អន្តរជាតិ
និងកិច្ចការពារជនស៊ីវីលនៅក្នុងគ្រប់ជម្លោះប្រដាប់អាវុធ។
លោក កែវ ឈា
ក៏បានជម្រាបជូនកិច្ចប្រជុំបើកចំហររបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
អំពីការរំលោភច្បាប់មនុស្សធម៌អន្តរជាតិដែលកំពុងកើតមាននៅតាមតំបន់ជាច្រើនលើពិភពលោក
រួមទាំងនៅអាស៊ីអាគ្នេយ៍ ហើយបានលោកបានសង្កត់ធ្ងន់ថា
នៅកម្ពុជាអំពើឈ្លានពានកាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥
បានបង្កផលវិបាកមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ ដែលក្នុងនោះជនស៊ីវិលកម្ពុជាប្រមាណ ៦៤៩
០០០នាក់បានរត់ភៀសសឹក ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនត្រូវបានបំផ្លិចបំផ្លាញ
ហើយប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ
បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ៕



