កាស៊ីណូ «​ដាយអឹមិនស្ដូន​» បើក​ដៃរ​ឲ្យ​ប្រជាពលរដ្ឋខ្មែរ​ចូលលេង​យ៉ាងគឃ្លើន​តែម្ដង​ ដោយគ្មាន​ស្ដាប់​ការណែនាំ​របស់​រាជរដ្ឋាភិបាលទាល់តែសោះ​

នាគខៀវ


(ខេត្តកណ្ដាល​) ៖ ជារៀង​រាល់ថ្ងៃនេះ​កាស៊ីណូ​មួយ​ដែល​មានឈ្មោះថា «ដាយអឹមិនស្ដូន​» ស្ថិតនៅតាម​ខ្សែបន្ទាត់ព្រំដែន​កម្ពុជា​វៀតណាម​ ក្នុង​ភូមិ​ព្រែកស៊ឹង ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្ដាល ត្រូវ​បាន​គេទម្លាយ​ថា បាន​បើកឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចូលលេង​ជារៀង​រាល់ថ្ងៃ​យ៉ាងគឃ្លើនតែម្ដង​មានទាំង​ល្បែង​បញ្ជាល់មាន់ បៀ អាប៉ោង និង​យូគី​ ខុស​នឹង​គោលការណ៍​របស់រាជរដ្ឋាភិបាលកម្ពុជា​ ដែល​បាន​ហាម​មិន​ឲ្យប្រជាពលរដ្ឋខ្មែរ​ប្រព្រឹត្តអំពើលេង​ល្បែង​ស៊ីសងនោះទេ​ នេះបើយោងតាមប្រភព​ព័ត៌មាន ដែលអង្គភាពយើងខ្ញុំទទួលបាន​ នៅថ្ងៃទី​០៦ ខែមករា ឆ្នាំ២០២៦នេះតែម្ដង​។


យោងតាមប្រភពព័ត៌មាន​ពីប្រជាពលរដ្ឋ​ បាន​ថ្លែង​ប្រាប់​អង្គភាព​យើងខ្ញុំ​ឲ្យដឹងថា៖ កាស៊ីណូ​ «ដាយអឹមិនស្ដូន​» បាន​បិទ​ផ្លាហាមប្រជាពលរដ្ឋខ្មែរ​កុំ​ឲ្យ​មានការ​ចូលលេង​ ប៉ុន្ដែតាម​ពិត​កន្ទេលធំបន្លំ​ដេកតែប៉ុណ្ណោះ​ គ្រាន់តែបិទបាំង​ភ្នែក​របស់​សាធារណៈជន​ថា ទីតាំង​របស់ខ្លួន​បាន​អនុវត្តត្រឹមត្រូវ​តាមផ្លូវ​ច្បាប់ អ្វីដែលផ្ទុយពីការពិត​គេបាន​បើក​ឲ្យជនជាតិខ្មែរ​ចូលលេង​យ៉ាងសេរីតែម្ដង​។ ជារៀងរាល់ថ្ងៃ​មាន​ប្រជាពលរដ្ឋខ្មែរ​ច្រើនជាង​ជនជាតិវៀតណាមទៀត​ បើថ្ងៃសៅរិ៍ ឬអាទិត្យ​ក៏សំបូរ​អ្នកលេង​ច្រើន​ណាស់ដែរ​ នាពេលកន្លងមក​ម្ចាស់កាស៊ីណូមិនត្រឹមតែមិនស្ដាប់​ការណែនាំ​របស់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាលនោះទេ បែផ្គើន​ដោយ​ផ្ទុយនឹងផ្លូវ​ច្បាប់​បែបនេះ​សោះ​។


ចំណុច​ត្រង់នេះ​ហើយ ដែល​គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្មកម្ពុជា​ គួរ​បើកការស្រាវជ្រាវ​ស៊ើបអង្កេត​រឿង​នេះ​ឲ្យ​បាន​ម៉ត់ចត់​ បើរកឃើញកំហុស​គួរតែចាត់វិធានការណ៍​ឲ្យ​បាន​ម៉ឺង​ម៉ាត់ជាទីបំផុត​ ព្រោះថា ច្បាប់​បាន​ហាមឃាត់ទៅហើយ​ ហេតុអ្វី​ម្ចាស់កាស៊ីណូ​ «ដាយអឹមឹន​ស្ដូន​» នៅតែផ្គើន​មិនស្គាល់ច្បាប់ទម្លាប់បែបនេះ​។ ម្យ៉ាងទៀត​ តាមការអះអាង​របស់ប្រជាពលរដ្ឋ​ក៏អាច​ដឹងថា ម្ចាស់កាស៊ីណូ ជាមនុស្សមានអំណាច​ ឬអ្នកមានអំណាចនៅពីក្រោយ​ទើប​អាច​ធ្វើអ្វីបានតាមអំពើចិត្តតែម្ដង​ ដោយ​បណ្ដែត​បណ្ដោយ​ឲ្យមានការបើក​ល្បែង​យ៉ាងគំហុក តួយ៉ាង​ដូច​ជា៖ ល្បែង​បញ្ជាល់មាន់ បៀ អាប៉ោង និងយូគី ដែលសុទ្ធសឹង​បម្រើ​ឲ្យ​ប្រជាពលរដ្ឋខ្មែរជាអ្នកលេង​។


បញ្ហានេះផងដែរ​ អង្គភាពយើងខ្ញុំ មិនអាចទំនាក់ទំនង​ទៅម្ចាស់កាស៊ីណូ «ដាយអឹមិនស្ដូន​» បាននោះទេ ដោយ​គ្មានលេខទូរស័ព្ទ​ទំនាក់ទំនង​។


បើទោះបីជាយ៉ាងណាក៏ដោយ​ អង្គភាព​យើងខ្ញុំនឹងរងចាំមើលថា គណៈកម្មការល្បែង​ពាណិជ្ជកម្មកម្ពុជា​ និង​លោក គួច ចំរើន អភិបាលខេត្តកណ្ដាល ព្រមទាំង​លោកឧត្តម​សេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្ដាល នឹងចាត់វិធានការណ៍បែបណាចំពោះកាស៊ីណូ​ដែលកំពុងប្រព្រឹត្ដផ្ទុយពីច្បាប់ខាងលើនេះ។ អង្គភាព​យើងខ្ញុំ​នឹងរងចាំការបំភ្លឺពីគ្រប់ភាគីពាក់ព័​ន្ធទាំង​អស់នៅរៀងរាល់ម៉ោងធ្វើការ​ សម្រាប់ព័ត៌មានលំអិត​យើងខ្ញុំនឹងផ្សាយនៅវគ្គបន្ទាប់​៕












#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top