(បាត់ដំបង)៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងអប់រំ យុវជន និងកីឡា
នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ បានរួមគ្នាបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន
បារីអេឡិចត្រូនិច និងប្រើ App NoDrug ក្នុងសាលារៀន
និងសហគមន៍ តាមរយៈសិក្ខាសាលាអប់រំផ្សព្វផ្សាយស្តីពីផលប៉ះពាល់ដល់សុខភាពបណ្តាលមកពីការប្រើប្រាស់គ្រឿងញៀនខុសច្បាប់
បារីអេឡិចត្រូនិច មេរោគអេដស៍ ជំងឺអេដស៍ និងការប្រឆាំងផលិតផលក្លែងក្លាយ
និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលមានការចូលរួមពីសំណាក់មន្រ្តីនៃអង្គភាពពាក់ព័ន្ធ
លោកគ្រូ អ្នកគ្រូ និងនិស្សិតចំនួនជាង ៤០០នាក់ ដើម្បីក្លាយខ្លួនជាជនបង្គោលក្នុងដំណើររួមគ្នាអភិវឌ្ឍមូលធនមនុស្សឱ្យមានប្រសិទ្ធភាព។
លើកឡើងនាឱកាសនោះលោក ធូ ភា អភិបាលរង
តំណាងអភិបាលខេត្តបាត់ដំបង បានលើកឡើងនូវសភាពការណ៍ទូទៅពាក់ព័ន្ធនឹងការងារសន្តិសុខ
សណ្ដាប់ធ្នាប់ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ការងារបង្ក្រាបករណីបារី អេឡិចត្រូនិច
Vape ។ល។
សំដៅរក្សាឱ្យបាននូវសុវត្ថិភាពប្រជាពលរដ្ឋពិសេសយុវជន យុវនារី
និងបានសំណូមពរដល់អ្នកចូលរួម
ទាំងអស់ត្រូវតែប្រើល្បឿនសូន្យមើលឆ្វេង-ស្ដាំមុនឆ្លងកាត់ពីផ្លូវតូចមកកាន់ផ្លូវធំ
ដើម្បីបង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍។
ថ្លែងក្នុងនាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ , លោកឧត្តមសេនីយ៍ឯក លឹម តុងហួត
ប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំ និងទំនាក់ទំនងសាធារណៈ
បានពាំនាំនូវប្រសាសន៍ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី
ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្លែងអំណរគុណកោតសរសើរ
ចំពោះកិច្ចសហការប្រកបដោយស្មារតីទទួលខុសត្រូវរបស់ក្រសួងអប់រំ យុវជន និងកីឡា។
លោកឧត្តមសេនីយ៍ឯក លឹម តុងហួត ក៏បានលើកឡើងថា
បញ្ហាគ្រឿងញៀន
គឺជាបញ្ហារួមរបស់យើងទាំងអស់គ្នាដែលតម្រូវឲ្យមានការចូលរួមពីគ្រប់សមាសភាព
បង្ការទប់ស្កាត់កុំឲ្យរីករាលដាលក្នុងសហគមន៍ដែលក្នុងនោះយុវជន
គឺជាកម្លាំងស្នូលជួយទៅដល់ការងារផ្សព្វផ្សាយ អប់រំ
ផ្តល់ព័ត៌មានពិតដល់ក្រុមគ្រួសារក៏ដូចជាប្រជាពលរដ្ឋទូទៅក្នុងសហគមន៍
មិនទៅពាក់ព័ន្ធនឹងគ្រឿងញៀនដែលនាំទុក្ខដល់ខ្លួនឯង នាំចម្បែងដល់ក្រុមគ្រួសារ
និងនាំបញ្ហាដល់សហគមន៍
ព្រមទាំងបានលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ត្រូវជួយផ្សព្វផ្សាយនិងប្រើប្រាស់App NoDrug: https://nodrugsnacd.com/download_kh ដើម្បីចំណេះដឹង ព័ត៌មាន កំសាន្ត អប់រំ ព្យាបាល
រាយការណ៍យកគ្រឿងញៀនចេញពីសហគមន៍ ។
នាឱកាសនោះ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិតមហាបរិញ្ញា
ហោ ប៊ុនឡេង អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនិងជំងឺអេដស៍ បានថ្លែងថា សុខភាពគឺជីវិត
ហើយការអប់រំគឺការអភិវឌ្ឍ ស្របតាមផែនការយុទ្ធសាស្រ្តជាតិស្តីពីសុខភាពសិក្សា
រួមគ្នាបង្ការទប់ស្កាត់និងដោះស្រាយរាល់បញ្ហាផ្សេងៗ
គាំពាសុខភាពនិងអនាគតរបស់កុមារ/យុវជនដែលជាទំពាំងស្នងឬស្សី និងសូមអំពាវនាវដល់អ្នកចូលរួមទាំងអស់ឲ្យខិតខំបង្កើនការងារផ្សព្វផ្សាយអប់រំ
ផ្ដល់ចំណេះដឹងនិងបំផុសការចូលរួមពីប្រជាពលរដ្ឋបន្ថែម
ឆ្ពោះទៅជោគជ័យរួមគ្នាគឺកសាងបានសង្គមមួយដែលមានការរីកចម្រើន អភិវឌ្ឍលើគ្រប់វិស័យ
ដោយគ្មានការញាំញីពីបញ្ហាគ្រឿងញៀន បារីអេឡិចត្រូនិក គ្រោះថ្នាក់ចរាចរណ៍
និងបញ្ហាសង្គមនានា និងជំរុញការទាញយកប្រើប្រាស់ App NoDrug បង្កើនចំណេះដឹងបច្ចេកវិទ្យាដើម្បីធ្វើការសិក្សាស្រាវជ្រាវគឺ «រៀនឲ្យពូកែ រៀនឱ្យឆ្លាត»៕














