(ភ្នំពេញ)៖ លោក នេត្រ
ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី ទុយ សិរីរតនៈ នេត្រ ភក្ត្រា
ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន
នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីពិធីបរិច្ចាគឈាម
ក្រោមប្រធានបទ៖ «រួមគ្នាផ្តល់ឈាម
ផ្តល់ក្តីស្រលាញ់ មន្រ្តីក្រសួងព័ត៌មាន
រួមគ្នាផ្តល់ឈាមដើម្បីជួយសង្គ្រោះជីវិតមនុស្ស»។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា
បានលើកឡើងថា អត្ថន័យនៃការបរិច្ចាគឈាម គឺជាទង្វើមនុស្សធម៌
ដើម្បីជួយសង្គ្រោះជីវិតជនរងគ្រោះដែលត្រូវការឈាមដើម្បីសង្គ្រោះជីវិតបន្ទាន់។
ចំពោះការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត
មិនត្រឹមបង្ហាញពីកិច្ចការមនុស្សធម៌នោះទេតែជាទឹកចិត្តដោយស្មោះត្រង់
មិនមែនជាការចាប់បង្ខំនោះឡើយ ដើម្បីជួយជីវិតមនុស្ស។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា
បានគូសបញ្ជាក់ថា យើងត្រូវបង្កើនការស្តុកឈាម
ក្នុងឃ្លាំងដើម្បីសម្រាប់ប្រើប្រាស់ជួយសង្គ្រោះជនរងគ្រោះដែលត្រូវការឈាមជាបន្ទាន់។
ដូច្នេះ សូមលើកទឹកចិត្តបន្ថែមដល់ប្រជាពលរដ្ឋ និងយុវជន ដែលមានសុខភាពល្អ
បន្តសកម្មភាពធម៌តាមរយៈការបរិច្ចាគឈាមដោយស្ម័គ្រចិត្តនេះជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម
សម្រាប់ជួយជីវិតមនុស្ស។
ភ្ជាប់ជាមួយគ្នានេះដែរ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជំរុញឱ្យរួមគ្នាផ្តល់ព័ត៌មាន
ជូនប្រជាពលរដ្ឋនៅគ្រប់ស្រទាប់វណ្ណៈឱ្យយល់ដឹងកាន់តែច្បាស់ពីការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត។
ខណៈក្រសួងព័ត៌មាន
នឹងអាចរៀបចំកម្មវិធីវិទ្យុដើម្បីជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅដល់ប្រជាជន
ឱ្យពួកគាត់យល់ថាការផ្តល់ឈាមមិនធ្វើឱ្យពួកគាត់ប៉ះពាល់ដល់សុខភាពនោះទេ
ពោលគឺមុនពេលបរិច្ចាគឈាម ត្រូវឆ្លងកាត់ការពិនិត្យ និងប្រឹក្សាសុខភាពបានត្រឹមត្រូវ
ពីសំណាក់ក្រុមគ្រូពេទ្យជំនាញ។ ចំពោះការផ្តល់ឈាមនឹងជួយដល់សុខភាពអ្នកបរិច្ចាគផងដែរ
ដោយជម្រះកោសិកាឈាមចាស់ជំនួសដោយកោសិកាឈាមថ្មី។
រដ្ឋមន្ត្រី នេត្រ ភក្ត្រា
បានបន្តថា ការផ្តល់ឈាមជាការផ្តល់ក្តីសង្ឃឹមដល់អ្នកជំងឺ
និងក្រុមគ្រួសារអ្នកជំងឺផងដែរ។ លោកសូមអំពាវនាវ
និងថ្លែងអំណរគុណដល់សប្បុរសជនដែលបានចូលរួមស្ម័គ្រចិត្តបរិច្ចាគឈាម
ត្រង់ចំណុចនេះជាការបណ្តុះស្មារតីឱ្យស្រឡាញ់ការងារមនុស្សធម៌
ស្រឡាញ់ជីវិតមនុស្សនៅជុំវិញខ្លួនជាដើម។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា
បានថ្លែងយ៉ាងដូច្នេះ៖ «ការបរិច្ចាគឈាម
គឺជាការបរិច្ចាគជីវិត ប៉ុន្តែ មិនមែនយកជីវិតយើងទៅបរិច្ចាគទេ
តែជាការផ្តល់នូវក្តីសង្ឃឹមដល់ជនរងគ្រោះដូចយើងបានបរិច្ចាគជីវិតរបស់យើងតាមរយៈការបរិច្ចាគឈាម។
ពោលគឺឈាម ១កប្លោកអាចជួយសង្គ្រោះអាយុជីវិតមនុស្សម្នាក់ដែលកំពុងត្រូវការជំនួយបន្ទាន់»។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា
បានគូសបញ្ជាក់ថា ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត គឺជាទង្វើមនុស្សធម៌
ហើយមានតែទឹកចិត្តដ៏សប្បុរសរបស់មនុស្សប៉ុណ្ណោះដែលអាចផ្តល់ឈាមដើម្បូជួយដល់អ្នកដទៃបាន។
អញ្ចឹងសូមបណ្តុះស្មារតីស្មគ្រចិត្ត ដើម្បីផ្តល់ឈាមសម្រាប់ជួយជនរងគ្រោះដែលត្រូវការឈាមសម្រាប់ស្រោចស្រងជីវិតជាបន្ទាន់។
«យើងអាចនិយាយបានថាថ្ងៃនេះយើងជាអ្នកផ្តល់ឈាមឱ្យគេ
ក៏ប៉ុន្តែ នៅថ្ងៃណាមួយយើងក៏ជាមនុស្សម្នាក់
ឬមនុស្សជាទីស្រឡាញ់របស់យើងត្រូវការឈាមដែលនឹងទទួលឈាមពីការងារសប្បុរសធម៌នេះមកវិញ»។
នេះជាការលើកឡើងបន្ថែមរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
លោកស្រីវេជ្ជបណ្ឌិត ហេង
សុខចំរើន អនុប្រធាន មជ្ឈមណ្ឌលជាតិផ្ដល់ឈាម នៃក្រសួងសុខាភិបាល បានឱ្យដឹងថា
សម្រាប់រាជធានីភ្នំពេញ នៅក្នុងមួយថ្ងៃ គឺត្រូវប្រើប្រាស់ឈាមចន្លោះ ៤០០ ទៅ៤៥០កប្លោក
ខណៈមានអ្នកបរិច្ចាគឈាមដោយស្ម័គ្រចិត្តពី២៩ ទៅ៣០ភាគរយនៃចំនួនប្រជាជនប៉ុណ្ណោះ
ដូច្នេះ មានចំនួនអ្នកស្ម័គ្រចិត្តបរិច្ចាគឈាមនៅមានកំណត់
ដែលប៉ះពាល់ដល់ការប្រើប្រាស់ឈាមមិនទាន់ពេញលេញនៅ។
លោកស្រីក៏បានប្រៀបធៀបថា
នៅបរទេសចំនួនប្រជាជនដែលស្ម័គ្រចិត្តបរិច្ចាគឈាម គឺមានចំនួនប្រមាណ៩០ភាគរយ
នៃចំនួនប្រជាជន ត្រង់ចំណុចសូមអំពាវនាវដល់ប្រជាជនដែលមានសុខភាពល្អបន្តចូលរួមបរិច្ចាគឈាមបន្ថែមទៀត
ដើម្បីជួយជនរងគ្រោះដែលត្រូវការឈាមសម្រាប់សង្គ្រោះជីវិត៕










