(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) នារសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ បានជួបពិភាក្សាការងារជាមួយលោក Ueno Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅសាលសវនការរបស់ គ.ស.ម.ក.។
ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី កែវ រ៉េមី
បានសម្ដែងនូវការកោតសរសើរចំពោះតួនាទីដ៏សំខាន់របស់ប្រទេសជប៉ុន លើវិស័យសិទ្ធិមនុស្ស
នីតិរដ្ឋ និងសណ្ដាប់ធ្នាប់តំបន់និងពិភពលោក។
ទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា
ទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ យ៉ាងណាក៏ដោយ
ក៏ជនភៀសសឹកប្រមាណជា ៩ម៉ឺននាក់
មិនទាន់អាចត្រឡប់ទៅកាន់លំនៅឋានខ្លួនវិញដោយសុវត្ថិភាពនោះទេ ដោយសារតែយោធាថៃ
បន្តកាន់កាប់ទឹកដីកម្ពុជា ដោយខុសច្បាប់ និងធ្វើសកម្មភាពរារាំងផ្សេងៗ ដូចជា
ការដាក់ពង្រាយបន្លាលួស និងទូកុងតឺន័រជាដើម។ សកម្មភាពទាំងនេះ
គឺផ្ទុយទាំងស្រុងទៅនឹងខ្លឹមសារចំណុចទី៤ នៃកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានចែងថា៖ «ភាគីទាំងពីរឯកភាពអនុញ្ញាតឱ្យជនស៊ីវិលរស់នៅក្នុងតំបន់ព្រំដែន
ដែលរងផលប៉ះពាល់ វិលត្រឡប់ទៅផ្ទះសម្បែង និងប្រកបជីវភាពរស់នៅធម្មតារបស់ពួកគេវិញ
ក្នុងពេលឆាប់ៗបំផុត ដោយគ្មានការរារាំង មានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ
នៅក្នុងតំបន់រៀងៗខ្លួន»។
សកម្មភាពទាំងអស់នេះក៏បាននឹងកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់សិទ្ធិសេរីភាពជាមូលដ្ឋានបរស់ជនភៀសសឹក
ជាពិសេសស្រ្តី កុមារ ទារក មនុស្សចាស់ អ្នកជំងឺ និងជនមានពិការភាព
ក្នុងការទទួលបានសិទ្ធិអប់រំ ការថែទាំសុខភាព សិទ្ធិទទួលបានលំនៅឋានសមរម្យ និងសេរីភាពក្នុងការធ្វើដំណើរ
ផងដែរ។
បន្ថែមលើនេះ ទេសរដ្ឋមន្ត្រី បានលើកឡើងពីការឈ្លានពានពីយោធាថៃ
ដោយបានប្រើប្រាស់អាវុធគ្រប់ធុន រួមមាន គ្រាប់បែកចង្កោម ផ្សែងពុល យន្តហោះចម្បាំង F-16, Gripen និង T-50 វាយប្រហារដោយមិនរើសគោលដៅមកលើប្រជាជនស៊ីវិល បំផ្លិចបំផ្លាញផ្ទះសម្បែងជនស៊ីវិល
ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល វត្តអារាម សាលារៀន មន្ទីរពេទ្យ ប្រាសាទបុរាណ ជាពិសេស
ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ការបំផ្លាញរូបសំណាកសាសនា
ការលួចទ្រព្យសម្បត្តិ
និងការសាងសង់សំណង់ថ្មីៗក្នុងគោលបំណងបង្កើតអត្តសញ្ញាណថ្មីលើដែនអធិបតេយ្យភាពកម្ពុជា ផងដែរ។
ទេសរដ្ឋមន្រ្តី កែវ រ៉េមី បានបញ្ជាក់ថា
ទោះបីជាសណ្តាប់ធ្នាប់ពិភពលោក ធ្លាក់ចុះយ៉ាងណាក៏ដោយ ក៏ទេសរដ្ឋមន្រ្តី
នៅតែជឿជាក់ថាការដោះស្រាយជម្លោះ ការស្វែងរកនិងទទួលបានយុត្តិធម៌
ព្រមទាំងការទទួលសន្តិភាពយូរអង្វែង ត្រូវផ្អែកលើយន្តការនិងច្បាប់អន្តរជាតិ។
លោកមានជំនឿជាក់លើសមត្ថភាព និងតួនាទីដ៏សំខាន់ប្រទេសជប៉ុន ក្នុងការជំរុញឱ្យភាគីថៃ
ចូលរួមដោះស្រាយបញ្ហានេះស្របតាមយន្ដការ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ជាការឆ្លើយតប លោក Ueno Atsushi នឹងជម្រាបជូនរដ្ឋាភិបាលនៅទីក្រុងតូក្យូ
ពីស្ថានភាពព្រំដែនកម្ពុជា-ថៃ។ លោកក៏បានបន្ថែមទៀតថា រាជរដ្ឋាភិបាលជប៉ុន
បានផ្តល់ជំនួយមនុស្សធម៌ទៅដល់ជនភៀសសឹកនៅតាមព្រំដែន ដែលរងផលប៉ះពាល់ពីជម្លោះនេះ
ដើម្បីរួមចំណែកចែករំលែកការលំបាកជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសជនភៀសសឹក
ដែលជានិច្ចកាលភាគីមិត្តជប៉ុនតែងតែគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការទៅវិញទៅមក៕






