(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល
ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Wang
Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា
នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចសន្ទនាលើកទី១
រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-ចិន ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនចិនចំនួន៨០
មកពីសមាគម សភាពាណិជ្ជកម្មចិននៅកម្ពុជា
ថ្នាក់ដឹកនាំតំណាងអន្តរក្រសួងស្ថាប័នជាសមាជិកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ថ្លែងក្នុងកម្មវិធីនោះលោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា
កិច្ចសន្ទនានេះត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា
ក្នុងការផ្តល់ឱកាសដល់វិនិយោគិនចិនដែលកំពុងវិនិយោគនៅកម្ពុជា
អាចលើកឡើងពីបញ្ហាប្រឈមនានា ក្នុងគោលដៅស្វែងរកដំណោះស្រាយសមស្រប
សំដៅពង្រឹងនិងជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ
ព្រមទាំងកសាងទំនុកចិត្តពីសហគមន៍ធុរកិច្ចចិន។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមថា
កិច្ចសន្ទនានេះនឹងរៀបចំជាប្រចាំរៀងរាល់ប្រាំមួយខែម្តង
ដើម្បីតាមដានការដោះស្រាយបញ្ហាប្រឈម ដោយគូសបញ្ជាក់ថាប្រទេសចិនគឺជាអ្នកវិនិយោគ
និងដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជា។
នាឱកាសនោះលោកឯកអគ្គរដ្ឋទូត
បានបង្ហាញសេចក្ដីសោមនស្សរីករាយចំពោះការសហការរៀបចំកិច្ចសន្ទនានេះ
ក្នុងគោលដៅរួមពិនិត្យ
និងពិភាក្សាអំពីការចូលរួមកែលម្អធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ
និងធុរកិច្ចនៅកម្ពុជា ដើម្បីពង្រឹង
និងពង្រីកវត្តមានសហគ្រាសចិនឱ្យមកវិនិយោគនៅកម្ពុជាបន្ថែមទៀត។
លោកបានគូសបញ្ជាក់ថា
កិច្ចសន្ទនានេះមានសារៈសំខាន់ព្រោះអាចជួយវិនិយោគិនដោះស្រាយឧបសគ្គនានា
ខណៈដែលការវិនិយោគរបស់ចិនបានបង្កើតការងារជាង ១លានកន្លែង
កំពុងចូលរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព
និងការពង្រីកពាណិជ្ជកម្មរវាងកម្ពុជាជាមួយចិន និងបណ្តាប្រទេសផ្សេងៗទៀត។
ជាទិដ្ឋភាពរួម អង្គប្រជុំបានពិភាក្សាយ៉ាងផុសផុល
និងប្រកបដោយការទទួលខុសត្រូវខ្ពស់ លើប្រធានបទមួយចំនួន ក្នុងវិស័យពន្ធដារ គយ
ភស្តុភារកម្ម ថាមពល កសិកម្ម កសិ-ឧស្សាហកម្ម និងការងា។
ដោយស្មារតីស្វែងរកដំណោះស្រាយឈ្នះឈ្នះ
ដើម្បីធានាបរិយាកាសវិនិយោគដែលមានភាពសុខដុមរមនា និងមានទំនុកចិត្តសម្រាប់វិនិយោគិនចិន៕















