(បូហ្គោតា)៖ នាថ្ងៃសុក្រ ទី១៦ ខែមករា
រដ្ឋមន្រ្តីការពារជាតិកូឡុំប៊ី បានប្រកាសថា ប្រទេសអាមេរិកឡាទីនមួយនេះ
បានចាប់ផ្តើមគម្រោងដែលមានទំហំទឹកប្រាក់សរុប ១.៦៨ពាន់លានដុល្លារ
ដើម្បីអភិវឌ្ឍខែលប្រឆាំងយន្តហោះដ្រូន
ដើម្បីការពារប្រទេសពីការវាយប្រហារដោយដ្រូនរបស់ក្រុមប្រដាប់អាវុធខុសច្បាប់។
នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
កូឡុំប៊ីបានបន្តជាប់ជំពាក់ក្នុងជម្លោះប្រដាប់អាវុធក្នុងស្រុក
អស់រយៈពេល៦ទសវត្សរ៍មកហើយ ដែលបានឆក់យកជីវិតមនុស្សច្រើនជាង ៤៥០០០០នាក់។
កងកម្លាំងយោធា ប៉ូលិស ពួកទ័ពព្រៃឆ្វេងនិយម ពួកឧក្រិដ្ឋជនបង្កើតឡើងដោយអតីតក្រុមយោធាប៉ារ៉ាស្តាំនិយម
ហើយនិងបណ្តាញក្រុមរត់ពន្ធគ្រឿងញៀន
សុទ្ធតែជាភាគីពាក់ព័ន្ធនៅក្នុងជម្លោះផ្ទៃក្នុងនេះ។ រដ្ឋមន្រ្តីការពារជាតិកូឡុំប៊ី
លោក Pedro Sanchez បាននិយាយថា
រដ្ឋាភិបាលបានអនុម័តថវិកាចំនួន ២៧១លានដុល្លារ
សម្រាប់ដំណាក់កាលដំបូងនៃគម្រោងខាងលើ។
គួរបញ្ជាក់ថា
កាលពីចន្លោះឆ្នាំ២០២៤ និងឆ្នាំ២០២៥
កូឡុំប៊ីបានកត់ត្រាករណីវាយប្រហារសរុបចំនួន២៦៤ករណី
ដែលធ្វើឡើងដោយយន្តហោះដ្រូនបំពាក់គ្រាប់បែក។ ការវាយប្រហារទាំងនោះ ត្រូវបានកំណត់ថា
ជាស្នាដៃរបស់ក្រុមទ័ពព្រៃ ELN និង FARC។ ការវាយប្រហារដោយដ្រូនចន្លោះឆ្នាំ២០២៤-២០២៥ បានសម្លាប់ទាហានកូឡុំប៊ី១៥នាក់
និង១៥៣នាក់ផ្សេងទៀត បានរងរបួស៕



