កម្ពុជា-ឡាវ ឯកភាពជំរុញកិច្ចសហប្រតិបត្តិការដឹកជញ្ជូនផលិតផលកសិកម្មពីកម្ពុជា ឆ្លងកាត់ប្រទេសឡាវ ឆ្ពោះទៅកាន់ប្រទេសទី៣

នាគខៀវ

 


 (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឲ្យលោកបណ្ឌិត Linkham Douangsavanh រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប, លោករដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចបវរធិបតី ដែលបានអនុញ្ញាតឲ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាឱកាសនេះ។ លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជា ដែលបានផ្ដល់នូវការស្វាគមន៍យ៉ាងកក់ក្ដៅ ជូនចំពោះលោក និងគណៈប្រតិភូ ដែលនេះបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ។

លោករដ្ឋមន្ត្រី បានគោរពជម្រាបជូនសម្ដេចបវរធិបតីថា ក្នុងរយៈពេល៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត កម្ពុជា-ឡាវ, កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរមានការវិវត្តរីកចម្រើនឥតឈប់ឈរ ហើយដំណើរទស្សនកិច្ចរបស់គណៈប្រតិភូឡាវ នៅកម្ពុជានាពេលនេះ ក៏ជាការចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ឡាវ ផងដែរ។

ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ជូន សម្ដេចបវរធិបតីថា ដំណើរទស្សនកិច្ចរបស់លោក និងគណៈប្រតិភូ មកកាន់កម្ពុជានាឱកាសនេះ មានគោលបំណងសំខាន់ចំនួន ២ រួមមាន៖ ១៖ ការពិភាក្សាទៅលើការអនុវត្តនូវកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរ បានឯកភាពគ្នាកន្លងមក សំដៅជំរុញការបង្កបង្កើនផលិតផលកសិកម្ម, ការចិញ្ចឹមសត្វ, និងការអភិរក្សព្រៃឈើ និង២៖ ការពិភាក្សាលើការជំរុញកិច្ចសហប្រតិបត្តិការ នៅក្នុងការដឹកជញ្ជូនផលិតផលកសិកម្មពីកម្ពុជា ដោយឆ្លងកាត់ប្រទេសឡាវ ឆ្ពោះទៅកាន់ប្រទេសទី៣។

លោករដ្ឋមន្រ្តី ក៏បានជម្រាបជូនសម្តេចបវរធិបតីថា ក្រសួងកសិកម្ម និងបរិស្ថានឡាវ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា បានឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការ ក្នុងការដឹកជញ្ជូនផលិតផលកសិកម្មពីកម្ពុជា ដោយឆ្លងកាត់ប្រទេសឡាវ ទៅកាន់ប្រទេសទី៣ ហើយលោករដ្ឋមន្ត្រី ក៏បានប្ដេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការនេះ សម្រេចបានលទ្ធផលជាផ្លែផ្កា និងឲ្យបានឆាប់រហ័ស។ បន្ថែមពីនេះ លោកបានប្ដេជ្ញានៅក្នុងការជំរុញពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងបរិស្ថានឲ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត ជាមួយសមភាគីកម្ពុជា។

ជាការឆ្លើយតប សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថានឡាវ ដែលបានដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចនៅកម្ពុជា នាឱកាសនេះ។ សម្ដេចបវរធិបតី ក៏បានគូសបញ្ជាក់អំពីខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ឡាវ ព្រមទាំងបានសម្ដែងនូវការពេញចិត្ត និងសេចក្ដីរីករាយ ដែលបានឃើញនូវភាពរីកចម្រើនជាលំដាប់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។

សម្ដេចបវរធិបតី បានគូសបញ្ជាក់ថា វិស័យកសិកម្ម គឺជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងការធានានូវសន្តិសុខស្បៀង។ ជាមួយនឹងកត្តាទីតាំងភូមិសាស្ត្រ និង ភាពស្រដៀងគ្នារវាងកម្ពុជា-ឡាវ, សម្ដេចបវរធិបតី បានគូសបញ្ជាក់អំពីសារៈសំខាន់ និងសក្តានុពលជាច្រើនទៀត ដែលប្រទេសទាំងពីរអាចសហការជាមួយគ្នាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ឲ្យស្របទៅនឹងការរីកចម្រើននៃកិច្ចសហប្រតិបត្តិការដ៏ល្អលើវិស័យផ្សេងៗ ដូចជា វិស័យសន្តិសុខនិងការពារជាតិ, ថាមពល, និងពាណិជ្ជកម្ម ជាដើម។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឲ្យក្រសួងកសិកម្ម នៃប្រទេសទាំងពីរពន្លឿននូវនីតិវិធី នៅក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើការដឹកជញ្ជូនផលិតផលកសិកម្មពីកម្ពុជា ដោយឆ្លងកាត់ប្រទេសឡាវ ឆ្ពោះទៅកាន់ប្រទេសទី៣ ហើយសម្ដេចបវរធិបតីជឿជាក់ថា កិច្ចព្រមព្រៀងនៃកិច្ចសហប្រតិបត្តិការនេះ នឹងផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន នៃប្រទេសទាំងពីរ៕









 

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top