(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន
រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
នឹងដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន
និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន នៅថ្ងៃទី២៨-២៩ ខែមករា
ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់លោកស្រី ម៉ា តេរ៉េសា ភី ឡាហ្សារ៉ូ
រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋហ្វីលីពីន។
ក្រោមមូលបទ «ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា» កិច្ចប្រជុំនេះ នឹងពិនិត្យឡើងវិញនូវវឌ្ឍនភាព
ដែលសម្រេចបានចាប់តាំងពីកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧
និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី
ព្រមទាំងពិភាក្សាអំពីអាទិភាព និងសមិទ្ធផលសំខាន់ៗ ក្រោមភាពជា
ប្រធានអាស៊ានរបស់ហ្វីលីពីនសម្រាប់ឆ្នាំ២០២៦ ក្នុងគោលបំណង
សម្រេចឲ្យបាននូវសហគមន៍អាស៊ាន ឆ្នាំ២០៤៥។
រដ្ឋមន្ត្រីការបរទេសអាស៊ាន
ក៏នឹងផ្លាស់ប្តូរទស្សនៈលើទំនាក់ទំនងខាងក្រៅរបស់អាស៊ាន និងមជ្ឈភាពអាស៊ាននៅក្នុងនិម្មាបនកម្មតំបន់ដែលប្រែប្រួលយ៉ាងឆាប់រហ័ស
ក៏ដូចជាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីកង្វល់រួម
ដែលរួមមានការវិវត្តនៅប្រទេសមីយ៉ាន់ម៉ា។
ក្នុងឱកាសនៃកិច្ចប្រជុំចង្អៀតនេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់
សុខុន ក៏គ្រោងនឹងមានជំនួបដាច់ដោយឡែក ជាមួយសមភាគីអាស៊ានមួយចំនួនផងដែរ
ដើម្បីជំរុញបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី
សម្រាប់ជាផលប្រយោជន៍ និងអត្ថប្រយោជន៍ទៅវិញទៅមក៕



