កម្ពុជា ស្វាគមន៍នាយទាហានសិង្ហបុរី ចូលរួមក្រុមអ្នកសង្កេតការណ៍អាស៊ាន សម្រាប់តាមដានស្ថានភាពព្រំដែនក្រោយបទឈប់បាញ់

នាគខៀវ


សៀមរាប — ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរព និងអនុវត្តបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពដែលបានឯកភាពគ្នាជាមួយប្រទេសថៃ ខណៈដែលកម្ពុជាបន្តផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team – AOT) ក្នុងការតាមដាន និងផ្ទៀងផ្ទាត់ស្ថានភាពព្រំដែន។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ខេត្តសៀមរាប ចំពោះប្រទេសសិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានចំនួន ២រូប មកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន។

នាយទាហានទាំងពីររូបរួមមាន វរសេនីយ៍ត្រី Li Yiming និងព្រិន្ទបាលឯក Toh Wee Chiang ដែលនឹងបំពេញភារកិច្ចជាសមាជិកក្រុម AOT ដឹកនាំដោយប្រទេសម៉ាឡេស៊ី ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែន បន្ទាប់ពីបទឈប់បាញ់បានចូលជាធរមាន។

លោកជំទាវ អ្នកនាំពាក្យ បានបញ្ជាក់ថា កម្ពុជាតែងតែគាំទ្រយ៉ាងពេញលេញដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន ហើយបានសង្កត់ធ្ងន់លើសារៈសំខាន់ដែលមិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ដើម្បីធានាការអនុវត្តបទឈប់បាញ់ និងវិធានការនានាដែលបានឯកភាពគ្នារវាងកម្ពុជានិងថៃ ឱ្យបានពេញលេញ និងមានប្រសិទ្ធភាព។

ការចូលរួមរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន ត្រូវបានចាត់ទុកថា ជាចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក ព្រមទាំងបង្ហាញពីការស្វាគមន៍របស់កម្ពុជា ចំពោះបណ្តាប្រទេសជាមិត្តដែលមានបំណងចូលរួមគាំទ្រការងារនេះបន្ថែមទៀត។

ក្នុងសេចក្តីប្រកាសដដែលនេះ រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា បានអះអាងពីការប្តេជ្ញាចិត្តយ៉ាងស្មោះត្រង់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា–ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត។

ការប្តេជ្ញាចិត្តនេះ មានគោលបំណងធ្វើឲ្យដំណើរការស្តារឡើងវិញប្រព្រឹត្តទៅយ៉ាងឆាប់រហ័ស និងជំរុញការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែងនៅតំបន់ព្រំដែន៕









#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top