(តូក្យូ)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នាថ្ងៃព្រហស្បតិ៍ ទី២៣ ខែតុលា បានរាយការណ៍ថា នាយករដ្ឋមន្រ្តីជប៉ុនថ្មី លោកស្រី Sanae Takaichi មានផែនការដើម្បីសម្រេចឱ្យបាននូវគោលដៅ បង្កើនការចំណាយលើវិស័យការពារជាតិឱ្យដល់ ២ភាគរយនៃ GDP ក្នុងរយៈពេល២ឆ្នាំលឿនជាងការគ្រោងទុកកន្លងមក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ដំបូងឡើយ
ទីក្រុងតូក្យូគ្រោងចំណាយ ២ភាគរយនៃ GDP ទៅលើវិស័យការពារជាតិ
នៅក្នុងឆ្នាំសារពើពន្ធ២០២៧-២០២៨ ឯណោះ ប៉ុន្តែបើតាមសេចក្តីរាយការណ៍របស់ Kyodo
News និងប្រព័ន្ធផ្សព្វផ្សាយជប៉ុនដទៃទៀត ឥឡូវលោកស្រី Takaichi
ចង់សម្រេចគោលដៅនេះ នៅក្នុងសារពើពន្ធ២០២៥-២០២៦តែម្តង។
គួរបញ្ជាក់ថា
លោកស្រី Takaichi
ដែលទើបតែក្លាយជានាយករដ្ឋមន្រ្តីស្រ្តីដំបូងបង្អស់របស់ជប៉ុន
ក្នុងសប្តាហ៍នេះ ត្រូវបានរំពឹងថា នឹងធ្វើសេចក្តីប្រកាសពាក់ព័ន្ធរឿងខាងលើ
អំឡុងសុន្ទរកថាស្តីពីគោលនយោបាយរបស់រដ្ឋាភិបាលលោកស្រី នៅក្នុងសភានាថ្ងៃសុក្រសប្តាហ៍នេះ។
ទន្ទឹមគ្នាដែរ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ
ដែលបានជំរុញឱ្យសម្ព័ន្ធមិត្តអាមេរិកទាំងអស់
នាំគ្នាបង្កើនការចំណាយលើវិស័យការពារជាតិ នឹងត្រូវមកបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន
នាថ្ងៃចន្ទសប្តាហ៍ក្រោយ៕


