(ព្រុចសែល)៖ នាថ្ងៃព្រហស្បតិ៍ ទី២៣ ខែតុលា ក្រុមប្រទេសសហភាពអឺរ៉ុប (EU) បានអនុម័តជាផ្លូវការ នូវកញ្ចប់ទណ្ឌកម្មទី១៩ ប្រឆាំងនឹងប្រទេសរុស្ស៉ី សម្រាប់ការធ្វើសង្រ្គាមឈ្លានពាននៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ដាណឺម៉ាកប្រធានប្តូរវេនរបស់
EU ដែលមានសមាជិកសរុប២៧ប្រទេស បាននិយាយថា វាគឺជាកញ្ចប់ទណ្ឌកម្មធំមួយ
ដែលកំណត់គោលដៅលើប្រភពចំណូលសំខាន់ៗរបស់រុស្ស៉ី តាមរយៈចំណាត់ការថ្មីៗផ្នែកថាមពល
ហិរញ្ញវត្ថុ និងពាណិជ្ជកម្ម។ ក្នុងកញ្ចប់ទណ្ឌកម្មថ្មីខាងលើ
ក៏រួមមានផងដែរនូវបម្រាមនៃការនាំចូលឧស្ម័នធម្មជាតិរាវ LNG របស់រុស្ស៉ី
និងការរឹតត្បិតការធ្វើដំណើររបស់មន្រ្តីការទូតរុស្ស៉ី នៅក្នុងសហភាពអឺរ៉ុប។
ប្រធានគោលនយោបាយការបរទេស
EU លោកស្រី Kaja Kallas បាននិយាយថា EU កំពុងព្យាយាមដាក់សម្ពាធដើម្បីធ្វើឱ្យប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ
ពូទីន កាន់តែលំបាកក្នុងការស្វែងរកធនធាន យកទៅទ្រទ្រង់សង្រ្គាមនៅអ៊ុយក្រែន។ ចំណែក
រដ្ឋមន្រ្តីការបរទេសដាណឺម៉ាក Lars Løkke Rasmussen បាននិយាយថា
បម្រាមលើការនាំចូលឧស្ម័ន LNG គឺជាជំហានដ៏សំខាន់មួយ
ឆ្ពោះទៅរកការលែងពឹងផ្អែកទាំងស្រុងចំពោះថាមពលរុស្ស៉ី នៅក្នុងសហភាពអឺរ៉ុប។
គួរបញ្ជាក់ថា
កាលពីថ្ងៃពុធសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ
ក៏បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនប្រេងចំនួន ២របស់រុស្ស៉ី ជាមួយការប្រកាសលុបចោលជំនួប
ដែលបានគ្រោងទុកជាមួយលោក ពូទីន ដោយសារតែមិនមានភាពរីកចម្រើន
ក្នុងកិច្ចចរចាស្វែងរកដំណោះស្រាយបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន៕



