(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងនៅថ្ងៃចន្ទនេះថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន គួរតែបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ជំនួសឱ្យការសាកល្បងមីស៊ីលដើរដោយថាមពលនុយក្លេអ៊ែរ ហើយបានព្រមានថា សហរដ្ឋអាមេរិកក៏មាននាវាមុជទឹកនុយក្លេអ៊ែរមួយគ្រឿងនៅក្បែរឆ្នេរសមុទ្ររុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន
លោក ត្រាំ បានមានប្រសាសន៍ថា «ពួកគេដឹងថាយើងមាននាវាមុជទឹកនុយក្លេអ៊ែរ ដែលអស្ចារ្យបំផុតនៅលើពិភពលោក
នៅក្បែរឆ្នេរសមុទ្ររបស់ពួកគេតែម្តង។ ដូច្នេះ វាគ្មានហេតុផលអ្វីដែលត្រូវហោះហើរចម្ងាយ
៨,០០០ម៉ាយនោះទេ»។
លោកបានបន្តទៀតថា
«ខ្ញុំគិតថាវាមិនមែនជារឿងសមរម្យសម្រាប់លោក
ពូទីន ក្នុងការនិយាយបែបនេះទេ។
អ្នកគួរតែបញ្ចប់សង្គ្រាមដែលគួរតែចំណាយពេលត្រឹមមួយសប្តាហ៍
តែឥឡូវចូលដល់ឆ្នាំទីបួនទៅហើយ។ នោះគឺជាអ្វីដែលអ្នកគួរធ្វើ ជំនួសឱ្យការសាកល្បងមីស៊ីល»។
ជុំវិញបញ្ហានេះដែរ
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ បាននិយាយថា
គ្មានហេតុផលអ្វីដែលការសាកល្បងមីស៊ីលនេះអាចធ្វើឱ្យទំនាក់ទំនងជាមួយសេតវិមានតានតឹងនោះទេ
ហើយរុស្ស៉ីធ្វើបែបនេះគឺដើម្បីធានាសន្តិសុខជាតិរបស់ខ្លួន។
គួរបញ្ជាក់ថា
ការព្រមានរបស់លោក ត្រាំ ធ្វើឡើងបន្ទាប់ពីលោក ពូទីន បានប្រកាសកាលពីថ្ងៃអាទិត្យថា
រុស្ស៉ីបានសាកល្បងដោយជោគជ័យនូវមីស៊ីល Cruise
ដើរដោយថាមពលនុយក្លេអ៊ែរ Burevestnik ដែលអង្គការ
NATO ហៅថា SSC-X-9 Skyfall។
រុស្ស៉ីបានអះអាងថា មីស៊ីលនេះអាចបាញ់បានចម្ងាយរហូតដល់ ១៤,០០០គីឡូម៉ែត្រ
និងអាចទម្លុះខែលការពារណាក៏បាន៕

