ទីប្រឹក្សាប្រធានាធិបតីកូរ៉េខាងត្បូង ថាជំនួបត្រាំ-គីម អំឡុងទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក ទំនងមិនកើតឡើងទេ

នាគខៀវ

(សេអ៊ូល)៖ នាថ្ងៃចន្ទនេះ ទីប្រឹក្សាសន្តិសុខរបស់ប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយថា ជំនួបរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ទំនងមិនកើតឡើងក្នុងពេលឆាប់ៗនេះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២៧ ខែតុលា ឆ្នាំ២០២៥។

លោកស្រី Oh Hyun-joo ដែលជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិ នៃការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានប្រាប់ទៅកាន់​អ្នកសារព័ត៌មានថា លោកស្រីមិនជឿថា ជំនួបត្រាំ-គីម ទំនងកើតឡើងក្នុងពេលឆាប់ៗឡើយ ដោយលោកស្រីមិនមានព័ត៌មានរឹងមាំ​ជុំវិញរឿងនេះទេ បន្ទាប់ពីមានការសង្ស័យថា មេដឹកនាំទាំងពីរ អាចនឹងជួបមុខគ្នា អំឡុងពេលលោក ត្រាំ បំពេញទស្សនកិច្ចនៅអាស៉ី។

នាព្រឹកថ្ងៃចន្ទនេះ លោកប្រធានាធិបតីអាមេរិក ទើបតែបានចាកចេញពីប្រទេសម៉ាឡេស៉ី ជាទីដែលរូបលោកបានចូលរួមកិច្ចប្រជុំអាស៊ាន ដើម្បីបន្តដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន។ បន្ទាប់ពីជប៉ុន លោក ត្រាំ ត្រូវបានរំពឹងថា នឹងធ្វើដំណើរមកដល់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃពុធសប្តាហ៍នេះ ជាទីដែលរូបលោក ត្រូវចូលរួមកិច្ចប្រជុំ APEC ហើយបើកជំនួបកំពូលទ្វេភាគី ជាមួយប្រធានាធិបតីចិន លោក ស៉ី ជីនពីង ដើម្បីជជែកអំពីរឿងពាណិជ្ជកម្ម។ មុនចាកចេញពីសហរដ្ឋអាមេរិក កាលពីចុងសប្តាហ៍មុន លោក ត្រាំ បាននិយាយថា លោកចង់ជួបលោក គីម អំឡុងទស្សនកិច្ចមកកាន់អាស៉ី។

គួរបញ្ជាក់ថា លោក ត្រាំ និងលោក គីម ធ្លាប់ជួបមុខគ្នាសរុប៣លើក កាលពីអំឡុងអាណត្តិទីមួយរបស់លោក ត្រាំ គឺចន្លោះឆ្នាំ​២០១៧-២០២១ ដោយជំនួបលើកចុងក្រោយរបស់មេដឹកនាំទាំងពីរ ត្រូវបានធ្វើឡើងនៅតំបន់ព្រំដែនអន្តរកូរ៉េ DMZ កាលពីឆ្នាំ២០១៩៕



 

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top