(កៀវ)៖ កាលពីថ្ងៃចន្ទ ទី២០ ខែតុលា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រាប់ឱ្យដឹងថា អ៊ុយក្រែននិងសហរដ្ឋអាមេរិក កំពុងរៀបចំកិច្ចសន្យាមួយ ស្តីពីការទិញប្រព័ន្ធខែលការពារដែនអាកាស Patriot ចំនួន២៥គ្រឿង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានអាមេរិក Politico។
យ៉ាងណាមិញ
លោក ហ្សេលេនស្គី បាននិយាយថា វានឹងត្រូវប្រើពេលយ៉ាងយូរទម្រាំទទួលបានប្រព័ន្ធទាំងនោះ
ព្រោះទីក្រុងកៀវ នឹងត្រូវតម្រង់ជួរនៅពីក្រោយអតិថិជនដទៃទៀត។
ប៉ុន្តែលោកប្រធានាធិបតីអ៊ុយក្រែន បានបន្ថែមថា សេតវិមានអាចធ្វើការកែសម្រួល
លេខរៀងអ្នកដែលត្រូវទទួលបានប្រព័ន្ធ Patriot ប្រសិនបើមានឆន្ទៈនយោបាយ។
លោក ហ្សេលេនស្គី បានលើកឡើងថា ប្រទេសអឺរ៉ុបមួយចំនួន
អាចផ្តល់អាទិភាពដល់អ៊ុយក្រែនមុន ក្នុងការទទួលយកប្រព័ន្ធ Patriot ឬមួយក៏បញ្ជូនប្រព័ន្ធ Patriot ដែលពួកគេមានស្រាប់
មកឱ្យអ៊ុយក្រែនសិន ជាដើម។
គួរបញ្ជាក់ថា
ប្រព័ន្ធខែល Patriot
មួយឈុតមានតម្លៃប្រមាណ ១ពាន់លានដុល្លារ។ អ៊ុយក្រែន ទទួលបានប្រព័ន្ធ
Patriot ជាលើកដំបូង កាលពីឆ្នាំ២០២៣
អំឡុងរដ្ឋបាលអតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន។ ការបង្ហើបឱ្យដឹងពីដំណឹងខាងលើ
គឺបន្ទាប់ពីលោក ហ្សេលេនស្គី បានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន
ហើយជួបពិភាក្សាគ្នាជាមួយ ប្រធានាធិបតី លោក ដូណាល់ ត្រាំ៕

