អេក្វាទ័រ ថាគ្មានភស្តុតាងដើម្បីឃុំខ្លួន បុរសម្នាក់ដែលនៅរស់ពីការបង្រ្កាបគ្រឿងញៀន ដោយយោធាអាមេរិកនៅតំបន់ Caribbean នោះទេ

នាគខៀវ

(គីតូ)៖ ការិយាល័យរដ្ឋអាជ្ញានៃប្រទេសអេក្វាទ័រ បានប្រកាសថា មិនអាចឃុំខ្លួនបុរសម្នាក់ដែលរស់រានមានជីវិត ពីការវាយប្រហារដោយយោធាអាមេរិក ទៅលើទូកមួយគ្រឿងនៅក្នុងតំបន់ Caribbean ដែលត្រូវបានចោទប្រកាន់ថា មានផ្ទុកគ្រឿងញៀននោះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters​ នៅថ្ងៃអង្គារ ទី២១ ខែតុលា ឆ្នាំ ២០២៥។

បុរសដែលត្រូវបានកងទ័ពអាមេរិក ជួយសង្រ្គោះបន្ទាប់ពីការវាយប្រហារ បានមកដល់អេក្វាទ័រ កាលពីចុងសប្តាហ៍មុន និងត្រូវបានដោះលែងក្រោយរដ្ឋអាជ្ញា រកមិនឃើញភស្តុតាងនៃការប្រព្រឹត្តឧក្រិដ្ឋកម្ម។ ការិយាល័យរដ្ឋអាជ្ញាអេក្វាទ័រ បញ្ជាក់យ៉ាងដូច្នេះថា «បន្ទាប់ពីមកដល់ ទីភ្នាក់ងារប្រឆាំងគ្រឿងញៀន បានជូនដំណឹងដល់ក្រុមរដ្ឋអាជ្ញា ប៉ុន្តែគ្មានរបាយការណ៍ឧក្រិដ្ឋកម្ម ឬការកត់សម្គាល់អំពីឧក្រិដ្ឋណាមួយ ដែលបានប្រព្រឹត្តនៅក្នុងទឹកដីអេក្វាទ័រ ត្រូវបានរកឃើញនោះទេ»

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន យោធាអាមេរិក បានវាយប្រហារនាវាមុជទឹកខ្នាតតូចមួយគ្រឿង ដោយបានសម្លាប់សមាជិកពីរនាក់ ហើយជួយសង្រ្គោះមនុស្សពីរនាក់ ដែលម្នាក់ជាជនជាតិអេក្វាទ័រ និងម្នាក់ទៀតជាជនជាតិកូឡុំប៊ី៕






#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top