(ហ្ស៊េរុយសាឡិម)៖ យោធាអ៉ីស្រាអែលបានប្រកាសថា នៅថ្ងៃអាទិត្យខ្លួនបានបើកការវាយប្រហារតាមផ្លូវអាកាស និងកាំភ្លើងធំទៅលើគោលដៅនានានៅភាគខាងត្បូងតំបន់ហ្កាហ្សាដែលធ្វើឱ្យក្តីសង្ឃឹមចំពោះបទឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកកាន់តែស្រពិចស្រពិល ខណៈអ៉ីស្រាអែល និងក្រុមហាម៉ាសបានទម្លាក់កំហុសគ្នាទៅវិញទៅមក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
យោធាអ៉ីស្រាអែលបានបញ្ជាក់ថា
ការវាយប្រហារនេះគឺសំដៅលើក្រុមសកម្មប្រយុទ្ធនៅតំបន់ រ៉ាហ្វា (Rafah) ដែលបានបាញ់ប្រហារមកលើទាហានរបស់ខ្លួន។
នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានព្រមានថា អ៉ីស្រាអែលនឹងសងសឹកយ៉ាងខ្លាំងក្លាចំពោះការវាយប្រហាររបស់ក្រុមហាម៉ាស។
ជាការឆ្លើយតប ស្លាបប្រដាប់អាវុធរបស់ក្រុមហាម៉ាស
បានចេញសេចក្តីថ្លែងការណ៍ថា ខ្លួននៅតែប្តេជ្ញាចិត្តចំពោះកិច្ចព្រមព្រៀងឈប់បាញ់
ហើយបានអះអាងថា ខ្លួនមិនបានដឹងអំពីការប៉ះទង្គិចណាមួយនៅតំបន់ រ៉ាហ្វា នោះទេ។
គួរបញ្ជាក់ថា ការវាយប្រហារនៅថ្ងៃអាទិត្យនេះ
គឺជាការសាកល្បងដ៏ធ្ងន់ធ្ងរបំផុតចំពោះបទឈប់បាញ់ដែលទើបតែចូលជាធរមានកាលពីថ្ងៃទី១១
ខែតុលា។ សាក្សីប៉ាឡេស្ទីនក៏បានរាយការណ៍អំពីការផ្ទុះ
និងការបាញ់ប្រហារនៅទីតាំងជាច្រើនទៀតផងដែរ
ដែលក្នុងនោះរួមមានការវាយប្រហារមួយនៅទីប្រជុំជន Deir Al-Balah ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់៥នាក់៕


