(កែប)៖ លោក ខៀវ កាញារីទ្ធ ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានប្រគល់ព្រះរាជក្រឹត្យផ្ដល់សញ្ជាតិខ្មែរដល់លោក ក្លែន ន័បឺត ហាន់ (KLEIN NORBERT HAN) ជនជាតិអអាល្លឺម៉ង់ កើតនៅថ្ងៃទី៣ ខែមេសា ឆ្នាំ១៩៣៤ ទីក្រុង NOVIVRBAS សាធារណរដ្ឋស៊ែបី។
ពិធីប្រគល់ព្រះរាជក្រឹត្យផ្ដល់សញ្ជាតិខ្មែរខាងលើ
បានធ្វើឡើងនាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ នៅសាលាខេត្តកែប
ដោយចូលរួមពីសំណាក់ប្រតិភូអមដំណើរ និងថ្នាក់ដឹកនាំខេត្តជាច្រើនរូប។
លោក KLEIN NORBERT
HAN ត្រូវបានព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម
សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់
ផ្ដល់សញ្ជាតិខ្មែរ តាមសេចក្ដីក្រាបបង្គំទូលថ្វាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន
ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា
បន្ទាប់ពីរូបលោកបានកសាងស្នាដៃជាច្រើនជួយរាជរដ្ឋាភិបាលកម្ពុជា និងសង្គមជាតិកម្ពុជាអស់ជាច្រើនឆ្នាំកន្លងមកនេះ។
សូមរំលឹកថា
លោក ក្លែន ន័បឺត ហាន់ បច្ចុប្បន្នកំពុងរស់នៅភូមិអន្ទង់ស ឃុំពងទឹក
ស្រុកដំណាក់ចង្អើរ ខេត្តកែប និងជាម្ចាស់ចំការម្រេចកំពត (GI) មួយកន្លែងផងដែរ៕


.jpg)







