(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រី លោក Anthony Albanese បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែ នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃចន្ទសប្តាហ៍នេះ ដែលមានគោលដៅប្រឆាំងនឹងការរឹតត្បិតរបស់ចិន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២១ ខែតុលា ឆ្នាំ ២០២៥។
តាមច្បាប់ចម្លងនៃកិច្ចព្រមព្រៀង
អាមេរិក-អូស្រ្តាលី នឹងវិនិយោគទឹកប្រាក់ ១ពាន់លានដុល្លារ ក្នុងរយៈពេល ៦ខែបន្ទាប់
ទៅក្នុងគម្រោងរុករករ៉ែ និងដំណើរការ
ព្រមទាំងកំណត់កម្រិតតម្លៃអប្បបរមាសម្រាប់រ៉ែសំខាន់ និងរ៉ែកម្រ។ សេតវិមានបានឱ្យដឹងបន្ថែមថា
នៅក្នុងគម្រោងវិនិយោគនេះ ក៏នឹងមានដាក់ប្រាក់តម្កល់ចំនួន ៥៣ពាន់លានដុល្លារផងដែរ។
ធនាគារនាំចេញ-នាំចូលរបស់សហរដ្ឋអាមេរិក
(EXIM) ដែលដើរតួជាទីភ្នាក់ងារផ្តល់ឥណទានសម្រាប់ការនាំចេញនៃរដ្ឋាភិបាលអាមេរិក
ក្រោយមកបានចេញសេចក្តីប្រកាសចំនួន ៧ស្តីពីគម្រោងរ៉ែនៅអូស្ត្រាលី
ដែលអាចផ្តល់ប្រយោជន៍សរុបជាង ២.២ពាន់លានដុល្លារ។
EXIM
បញ្ជាក់ថា គម្រោងទាំងនោះ រួមមានសារធាតុរ៉ែសំខាន់ៗច្រើនប្រភេទ
ដែលចាំបាច់សម្រាប់ការផលិតប្រព័ន្ធការពារដែនអាកាសទំនើបៗ ឧបករណ៍ទាក់ទង
និងសម្ភារបច្ចេកវិទ្យាឧស្សាហកម្មជំនាន់ក្រោយ។ វាក៏នឹងជួយគាំទ្រដល់ឧស្សាហូបនីយកម្មនៃមូលដ្ឋានផលិតកម្មបច្ចេកវិទ្យាខ្ពស់របស់អាមេរិក
ខណៈជួយប្រឆាំងទៅនឹងភាពលេចធ្លោនៃការនាំចេញរបស់ចិន
និងធានាភាពធន់នឹងខ្សែច្រវាក់ផ្គត់ផ្គង់លោកខាងលិច៕

