(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក
នៅថ្ងៃចន្ទ ទី១៣ ខែតុលា (ម៉ោងនៅវ៉ាស៊ីនតោន)
បាននិយាយថាខ្លួនឈរនៅជាមួយសម្ព័ន្ធរបស់ខ្លួន គឺហ្វីលីពីន និងបានបញ្ជាក់ឡើងវិញពី
សន្ធិសញ្ញាការពារគ្នាទៅវិញទៅមករវាងប្រទេសទាំង២ បន្ទាប់ពីនាវាចិន
និងទូកហ្វីលីពីនប៉ះទង្គិចគ្នាចំពេលភាពតានតឹងកំពុងកើនឡើងនៅក្នុងតំបន់សមុទ្រចិនខាងត្បូង។
នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
កាលពីថ្ងៃចន្ទ
ក្រសួងការបរទេសចិនបានព្រមានកុំឱ្យហ្វីលីពីន
ប្រឈមមុខនឹងកិច្ចប្រឹងប្រែងរបស់ទីក្រុងប៉េកាំងដើម្បីការពារអធិបតេយ្យទឹកដី
និងសិទ្ធិសមុទ្រ ព្រមទាំង ផលប្រយោជន៍របស់ខ្លួន ក្រោយនាវាឆ្មាំសមុទ្រចិន
និងទូកមួយគ្រឿងរបស់ហ្វីលីពីនបានប៉ះទង្គិចគ្នានៅឯទីប្រជុំកោះ Spratly។ ឆ្លើយតបទៅនឹងភាពតានតឹងរវាងចិន និងហ្វីលីពីន
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Tommy Pigott បានថ្កោលទោសនូវអ្វីដែលលោកហៅថាសកម្មភាពបើកនាវាបំបុក
និងប្រើប្រាស់កាណុងបាញ់ទឹកពីសំណាក់ ឆ្មាំសមុទ្រចិនលើទូកហ្វីលីពីនមួយគ្រឿង
ហើយនិយាយថាទីក្រុងវ៉ាស៊ីនតោនឈរជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ
លោក Pigott
បានគូសបញ្ជាក់ឡើងវិញថា មាត្រា ៤ នៃសន្ធិសញ្ញាការពារគ្នាឆ្នាំ១៩៥១
រវាងសហរដ្ឋអាមេរិក និងហ្វីលីពីន ក៏គ្របដណ្ដប់ផងដែរ លើការវាយប្រហារប្រដាប់អាវុធលើកងកម្លាំង
ជលយាន ឬយន្ដហោះ ក្នុងនោះរួមមានទាំងជលយានរបស់ឆ្មាំសមុទ្រហ្វីលីពីន
នៅគ្រប់ទីកន្លែងក្នុងតំបន់សមុទ្រចិនខាងត្បូង។
គួរបញ្ជាក់ថា
ការប៉ះទង្គិចគ្នារវាងចិន និងហ្វីលីពីននៅឯតំបន់សមុទ្រចិនខាងត្បូង
បានបង្កឱ្យមានភាពតានតឹងជាថ្មី ដោយប្រទេសទាំង២ បានចោទប្រកាន់ និងទម្លាក់កំហុសដាក់
គ្នាទៅវិញទៅមកចំពោះការប្រឈមមុខដាក់គ្នានៅក្បែរតំបន់ថ្មប៉ប្រះទឹក Sandy Cay នៃទីប្រជុំកោះ Spratly កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ៕

