លោក ដូណាល់ ត្រាំ ទទួលស្គាល់ថានឹងជួបលោក ហ្សេលេនស្គី នៅសេតវិមាន ក្នុងសប្ដាហ៍នេះ

នាគខៀវ

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃចន្ទ ទី១៣ ខែតុលា បាននិយាយថារូបលោកនឹងធ្វើទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន ក្នុងសប្ដាហ៍នេះ ដើម្បីជួបប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីការពង្រឹងប្រព័ន្ធការពារដែនអាកាស និងថាតើត្រូវដាក់សម្ពាធបន្ថែមលើរុស្ស៉ីយ៉ាងដូចម្ដេច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP

លោក ហ្សេលេនស្គី បានឱ្យដឹងថារូបលោកនឹងដឹកនាំគណៈប្រតិភូអ៊ុយក្រែនធ្វើទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក ចូលរួមកិច្ចប្រជុំជាមួយអ្នកនយោបាយអាមេរិក និងថ្នាក់ដឹកនាំក្រុមហ៊ុនអាមេរិក ហើយសង្ឃឹមថានឹងអាចជួបលោក ត្រាំ នៅថ្ងៃសុក្រសប្ដាហ៍នេះ។ នៅពេលត្រូវបានសាកសួរពីជំនួបនេះដែរ លោក ត្រាំ បានទទួលស្គាល់ថាមេដឹកនាំអ៊ុយក្រែននឹងធ្វើទស្សនកិច្ចទៅកាន់សេតវិមាន ដែលជាដំណើរទស្សនកិច្ចលើកទី៣ របស់លោក ហ្សេលេនស្គី ចាប់តាំងពីខែមករាមក។

គួរបញ្ជាក់ថា បើតាមលោក ហ្សេលេនស្គី រូបលោក និងលោក ត្រាំ បានជួបពិភាក្សាគ្នាតាមទូរស័ព្ទចំនួន ២លើក កាលពីចុងសប្ដាហ៍កន្លងទៅ ដោយក្នុងកិច្ចសន្ទនានោះមេដឹកនាំទាំង២ បានពិភាក្សាគ្នាអំពីបញ្ហាដែលអ៊ុយក្រែនកំពុងប្រឈម ខណៈរុស្ស៉ីកំពុងបង្កើនការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន រួមទាំងស្ថានការណ៍នៅសមរភូមិមុខ៕

 



#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top