(តែលអាវីវ)៖ សមាជិកសភាអ៉ីស្រាអែល ២រូប ត្រូវបានគេក្រៀកចេញពីសាលប្រជុំរបស់សភា បន្ទាប់ពីអ្នកទាំង២ បានបង្កការរំខានដោយនិយាយកាត់សម្ដីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងថ្លែងសុន្ទរកថាកាលពីថ្ងៃចន្ទ ទី១៣ ខែតុលា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Hill។
សមាជិកសភាអ៉ីស្រាអែលទាំង២រូបខាងលើ
គឺលោក Ayman Odeh ជាពលរដ្ឋអ៉ីស្រាអែលដើមកំណើតអារ៉ាប់
និងលោក Ofer Cassif ជាអ្នកនយោបាយឆ្វេងនិយមជ្រុលម្នាក់។ លោក Odeh
និងលោក Cassif បាននិយាយកាត់សម្ដីលោក ត្រាំ
ហើយនៅពេលត្រូវបានគេក្រៀកចេញ លោក Odeh បានលើកក្រដាសមួយសន្លឹកដែលសរសេរថាឱ្យអ៉ីស្រាអែលទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។
ចំណែក លោក Cassif ក្រោយត្រូវបានក្រៀកចេញដែរ បានបង្ហោះសារលើបណ្ដាញទំនាក់ទំនងសង្គម X ជាមួយការទាមទារឱ្យយុត្តិធម៌
ហើយចោទប្រកាន់រដ្ឋាភិបាលអ៉ីស្រាអែលពីការធ្វើអាណានិគម និងរបប apartheid ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន៕




