ចិនទទូចឱ្យអាមេរិក គោរពសន្ធិសញ្ញាហាមឃាត់ការធ្វើតេស្តអាវុធនុយក្លេអ៊ែរ

នាគខៀវ

(ប៉េកាំង)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា ចិនបានចេញមុខទទូចឱ្យសហរដ្ឋអាមេរិក បន្តគោរពឱ្យម៉ឺងម៉ាត់ចំពោះ បម្រាមធ្វើតេស្តអាវុធនុយក្លេអ៊ែរជាសកល បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា រូបលោកបានចេញបញ្ជាឱ្យ មានការចាប់ផ្តើមធ្វើតេស្តអាវុធនុយក្លេអ៊ែរឡើងវិញជាបន្ទាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បាននិយាយយ៉ាងដូច្នេះថា «ចិនសង្ឃឹមថា សហរដ្ឋអាមេរិក នឹងគោរពយ៉ាងម៉ឺងម៉ាត់ចំពោះកាតព្វកិច្ច នៅក្រោមសន្ធិសញ្ញាហាមឃាត់ការធ្វើតេស្តអាវុធនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយ និងការប្តេជ្ញារបស់ខ្លួន ចំពោះបម្រាមលើការធ្វើតេស្តអាវុធនុយក្លេអ៊ែរ ហើយចាត់វិធានការដើម្បីការពារ កិច្ចប្រឹងប្រែងមិនរីកសាយអាវុធនុយក្លេអ៊ែរអន្តរជាតិ ក៏ដូចជាការពារតុល្យភាព និងស្ថិរភាពយុទ្ធសាស្តរបស់ពិភពលោក»

ការចេញបញ្ជារបស់លោក ត្រាំ ធ្វើឡើង បន្ទាប់ពីរុស្ស៉ី ក្នុងខែតុលានេះបានដំឡើងសាច់ដុំជាបន្តបន្ទាប់ ជាមួយការធ្វើតេស្តសព្វាវុធថ្មីៗ រួមមានដូចជាមីស៉ីលគ្រូស Burevestnik និងមីស៉ីលរត់ក្រោមទឹកដើរដោយថាមពលនុយក្លេអ៊ែរ Poseidon ប៉ុន្តែកាលពីថ្ងៃព្រហស្បតិ៍ ទីក្រុងមូស្គូបានចេញមុខបកស្រាយថា ការធ្វើតេស្តអាវុធទាំងនោះរបស់ខ្លួន មិនមែនជាការធ្វើតេស្តអាវុធនុយក្លេអ៊ែរ ដែលហាមឃាត់ក្រោមសន្ធិសញ្ញាឡើយ។

គួរបញ្ជាក់ថា អាមេរិក បានធ្វើតេស្តអាវុធនុយក្លេអ៊ែរជាលើកចុងក្រោយ កាលពីឆ្នាំ១៩៩២។ សហរដ្ឋអាមេរិក គឺជាប្រទេសដែលបានបើកយុគសម័យនុយក្លេអ៊ែរ កាលពីខែកក្កដា ឆ្នាំ១៩៤៥ ជាមួយការធ្វើតេស្តគ្រាប់បែកបរមាណូកម្លាំង ២០គីឡូតោន ហើយបន្ទាប់មក បានប្រើប្រាស់គ្រាប់បែកប្រភេទនោះសរុប២គ្រាប់ ទម្លាក់លើទីក្រុង Hiroshima និង Nagasaki របស់ជប៉ុន កាលពីខែសីហា ឆ្នាំ១៩៤៥ ដើម្បីបញ្ចប់សង្រ្គាមលោកលើកទី២៕





 

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top