(មូស្គូ)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៉ី TASS បានរាយការណ៍ថា បេឡារុសនឹងចាប់ផ្តើមដាក់ពង្រាយ ប្រព័ន្ធមីស៉ីលល្បឿនលឿនជាងសំឡេង Oreshnik របស់រុស្ស៉ី នៅក្នុងខែធ្នូ ចុងឆ្នាំនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៩ ខែតុលា ឆ្នាំ២០២៥។
TASS បានរាយការណ៍ដូចខាងលើ ដោយយោងតាមសម្តីរបស់លោកស្រី Natalya Eismont អ្នកនាំពាក្យប្រធានាធិបតីបេឡារុស លោក Alexander Lukashenko។ លោកស្រី Eismont បាននិយាយថា
ការងារត្រៀមរៀបចំសម្រាប់ការដាក់ពង្រាយពួកវា គឺជិតចប់រួចរាល់ហើយ។ លោក Lukashenko
ផ្ទាល់ បាននិយាយថា ការដាក់ពង្រាយមីស៉ីលល្បឿនលឿនជាងសំឡេងនេះ
គឺជាការឆ្លើយតបចំពោះអ្វីដែលលោកចាត់ទុកថា ជាការបង្កើនភាពតានតឹងដោយក្រុមលោកខាងលិច។
គួរបញ្ជាក់ថា
មីស៉ីល Oreshnik
បានបង្ហាញវត្តមានក្នុងការធ្វើសមយុទ្ធយោធារួមគ្នារវាងបេឡារុសនិងរុស្ស៉ី
កាលពីខែមុន។ រុស្ស៉ីបានប្រើប្រាស់មីស៉ីល Oreshnik ជាលើកដំបូង
ប្រឆាំងអ៊ុយក្រែន កាលពីខែវិច្ឆិកា ឆ្នាំ២០២៤
ដោយកំណត់គោលដៅលើមូលដ្ឋានឧស្សាហកម្មយោធា នៅទីក្រុង Dnipro៕

