(ប៉េកាំង)៖ ក្រោយចាកចេញពីប្រទេសជប៉ុន ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើដំណើរទៅដល់ប្រទេសកូរ៉េខាងត្បូងហើយ នាថ្ងៃពុធនេះ ដែលជាជើងចុងក្រោយ នៃដំណើរបំពេញទស្សនកិច្ចប៉ុន្មានថ្ងៃមកនេះ របស់លោកនៅក្នុងតំបន់អាស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី២៩ ខែតុលា ឆ្នាំ២០២៥។
លោក
ត្រាំ នឹងត្រូវចូលរួមកិច្ចវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៉ី-ប៉ាស៉ីហ្វិក
(APEC) ព្រមទាំងបើកជំនួបកំពូល ជាមួយប្រធានាធិបតីចិន លោក ស៉ី ជីនពីង
នៅក្រៅព្រឹត្តិការណ៍នោះ ដើម្បីពិភាក្សាគ្នា
អំពីបញ្ហាវិវាទពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន។ លោកប្រធានាធិបតីអាមេរិក
ត្រូវបានរំពឹងថា នឹងជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung ក្នុងថ្ងៃពុធនេះ មុនកិច្ចពិភាក្សាជាមួយលោកប្រធានាធិបតីចិន
នាថ្ងៃព្រហស្បតិ៍ស្អែក។
គួរបញ្ជាក់ថា
ជំនួបកំពូលត្រាំ-ស៉ី នៅកូរ៉េខាងត្បូង គឺជាលើកដំបូងបំផុត គិតចាប់តាំងពីលោក ត្រាំ
បានត្រឡប់មកសេតវិមានជាថ្មី កាលពីខែមករា ដើមឆ្នាំនេះ៕




