លោក ដូណាល់ ត្រាំ ថាគួរឱ្យស្តាយដែលច្បាប់អាមេរិក មិនអនុញ្ញាតឱ្យលោកបន្តឈរឈ្មោះសម្រាប់អាណត្តិទី៣

នាគខៀវ

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហាក់បានបិទបញ្ចប់នូវការសង្ស័យថា រូបលោកអាចនឹងស្វែងរក​ការបន្តដឹកនាំប្រទេសសម្រាប់អាណត្តិទី៣ ក្រោយទទួលស្គាល់ថា រដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក ហាមឃាត់មិនឱ្យរូបលោក​បន្តឈរឈ្មោះជាប្រធានាធិបតីទៀតឡើយ ក្រោយចប់អាណត្តិទី២នេះ នៅខែមករា ឆ្នាំ២០២៩។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៩ ខែតុលា ឆ្នាំ២០២៥។

ថ្លែងនៅលើយន្តហោះ Air Force One មុនពេលទៅដល់កូរ៉េខាងត្បូង លោក ត្រាំ បាននិយាយដូច្នេះថា «ប្រសិនបើអ្នកបានអាន​រដ្ឋធម្មនុញ្ញ គឺវាច្បាស់ណាស់ថា ខ្ញុំមិនត្រូវបានអនុញ្ញាតឱ្យឈរឈ្មោះបន្តទៀតទេ... គួរឱ្យសោកស្តាយ»។ ការអត្ថាធិប្បាយបែបនេះ គឺជាសញ្ញាមួយផ្ទុយពីការអត្ថាធិប្បាយពីមុនៗមក ដែលលោកបានបដិសេធច្រានចោលឱ្យច្បាស់ៗ នូវការប៉ុនប៉ងបន្តឈរឈ្មោះសម្រាប់​ឆ្នាំ២០២៨។

វិសោធនកម្មទី២២ នៃរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក រារាំងមិនឱ្យបុគ្គលណាម្នាក់ អាចឈរឈ្មោះបោះឆ្នោតជាប្រធានាធិបតី សម្រាប់អាណត្តិទី៣ឡើយ ប៉ុន្តែលោក ត្រាំ បានលេងសើចជាមួយគំនិតបែបនេះ ចាប់តាំងតែពីរូបលោកបានទទួលជ័យជម្នះ ក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីកាន់អំណាចសម្រាប់អាណត្តិទី២។ លោក ត្រាំ បានធ្វើជាប្រធានាធិបតីអាមេរិកលើកដំបូង កាលពីចន្លោះឆ្នាំ២០១៧-២០២១។

ប្រធានសភាតំណាងរាស្រ្តអាមេរិក លោក Mike Johnson ក៏បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះដែរថា លោកបានជជែក​អំពីបញ្ហានេះជាមួយលោក ត្រាំ ហើយបានឈានដល់សេចក្តីសន្និដ្ឋានថា ពុំមានមធ្យោបាយអាចទៅរួច ដើម្បីកែប្រែរដ្ឋធម្មនុញ្ញឱ្យទាន់ពេល ដើម្បីបើកផ្លូវសម្រាប់អាណត្តិទី៣ នោះទេ ហើយលោក ត្រាំ ផ្ទាល់ ក៏ដឹងច្បាស់អំពីរឿងនេះដែរ អំពីការរឹតត្បិតនៃរដ្ឋធម្មនុញ្ញ។ លោក Johnson បានសង្កត់ធ្ងន់ថា នីតិវិធីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ នឹងតម្រូវឱ្យមានការគាំទ្រក្នុងសំឡេង២ភាគ៣ នៅសភា រួមជាមួយការផ្តល់សច្ចាប័នពីសំណាក់៣ភាគ៤ នៃរដ្ឋទាំងអស់ នៅក្នុងសហរដ្ឋអាមេរិក ដែលជាដំណើរការមួយ លោកវាយតម្លៃថា អាចប្រើប្រាស់ពេលវេលាប្រហែលមួយទសវត្សរ៍។

គួរបញ្ជាក់ថា លោក ត្រាំ ដែលសព្វថ្ងៃមានវ័យ៧៩ឆ្នាំហើយនោះ ធ្លាប់បានឱ្យសញ្ញាថា អនុប្រធានាធិបតី លោក JD Vance និងរដ្ឋមន្រ្តីការបរទេស លោក Marco Rubio គឺអាចជាបេក្ខជនលេចធ្លោរបស់បក្សសាធារណរដ្ឋ សម្រាប់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៨៕




 

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top