(បាត់ដំបង)៖ នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែតុលា ឆ្នាំ២០២៥នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ លោក លោកស្រីជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង ដែលសម្រេចបាន១០០% តាមរយៈហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ។
ទំនប់ដូនទ្រី
បន្ទាប់ពីការសាងសង់រួចរាល់អាចមានលទ្ធភាពស្តុកទឹកបានប្រមាណ ១៦៣លានម៉ែត្រគូប
និងមានសក្តានុពលផ្គត់ផ្គង់ទឹកស្រោចស្រពលើផ្ទៃដីបង្កបង្កើនកសិកម្មនៅរដូវវស្សាប្រមាណ
៣៣,០០០ហិកតា និងរដូវប្រាំងប្រមាណ ៤,៥០០ហិកតា
ក្នុងឃុំចំនួន១៥ នៃស្រុកចំនួន៣គឺ ស្រុកមោងឬស្សី និងស្រុករុក្ខគិរី ខេត្តបាត់ដំបង
និងស្រុកបាកាន ខេត្តពោធិ៍សាត់។
សូមជម្រាបថា
គម្រោងនេះនឹងចូលរួមចំណែកក្នុងការផ្គត់ផ្គង់ទឹកលើគ្រប់វិស័យ
ជាពិសេសវិស័យទឹកស្អាតដែលបម្រើឱ្យការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ
និងជួយកាត់បន្ថយទឹកជំនន់តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម៕







