(មូស្គូ)៖ នាថ្ងៃចន្ទ ទី៦ ខែតុលា ក្រសួងការពារជាតិនៃប្រទេសរុស្ស៉ី បាននិយាយថា
កងកម្លាំងយោធារបស់ខ្លួន បានបាញ់ទម្លាក់យន្តហោះដ្រូនអ៊ុយក្រែន២៥១គ្រឿង
កាលពីវេលាយប់កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ក្រសួងការពារជាតិរុស្ស៉ី
បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ី
បានបាញ់ស្កាត់និងកម្ទេចដ្រូនចំនួន២៥១គ្រឿងដែលអ៊ុយក្រែនបានបញ្ជូនមក
កាលពីអំឡុងវេលាយប់កន្លងទៅនេះ ហើយក្នុងចំណោមនោះ
កងកម្លាំងរុស្ស៉ីបានបាញ់ដ្រូន៤០គ្រឿងធ្លាក់នៅលើតំបន់គ្រីមៀ ជាឧបទ្វីបដែលរុស្ស៉ីក្រសោបយកពីអ៊ុយក្រែន
តាំងតែពីឆ្នាំ២០១៤ និងដ្រូន៦២គ្រឿងនៅលើតំបន់សមុទ្រខ្មៅ។ ក្រៅពីនោះ
ដ្រូនរាប់សិបគ្រឿងផ្សេងទៀតរបស់អ៊ុយក្រែន ត្រូវបានបាញ់ស្ទាក់នៅលើដែនអាកាសនៃតំបន់ Kursk និង Belgorod ព្រមទាំងកន្លែងដទៃទៀត។
គួរបញ្ជាក់ថា រុស្ស៉ីបានរក្សាការវាយប្រហារជាប់ជាប្រចាំតាមផ្លូវអាកាស ដោយប្រើយន្តហោះដ្រូននិងមីស៉ីល ជាពិសេសលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ចាប់តាំងសង្រ្គាមបានផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២។ ទន្ទឹមគ្នា អ៊ុយក្រែន ក៏បាននិងកំពុងបង្កើនការវាយប្រហារឆ្លើយតបវិញផងដែរ ដោយកំណត់គោលដៅលើកន្លែងចម្រាញ់ប្រេង និងហេដ្ឋារចនាសម្ព័ន្ធថាមពលផ្សេងៗទៀតរបស់រុស្ស៉ី៕

