(ក្រចេះ)៖ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ
ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី
ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងលោកជំទាវ សុខ នារី
គុយ សុផល បានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ
និងចែកជូននូវព្រះរាជអំណោយដែលជាព្រះរាជទានដ៏ថ្លៃថ្លារបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី
ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
ជូនដល់បងប្អូនប្រជារាស្រ្តទទួលរងគ្រោះដោយទឹកជំនន់ មានចំនួនសរុបប្រមាណ៩៥៩គ្រួសារ
រស់នៅក្នុងឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។
ព្រះរាជអំណោយ
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
ដែលសម្តេចមហាមន្ត្រី គុយ សុផល ព្រះរាជតំណាង និងលោកជំទាវ សុខ នារី គុយ សុផល
បានចែកជូនដល់បងប្អូនប្រជារាស្ត្រទទួលរងគ្រោះដោយទឹកជំនន់ មានចំនួនសរុបជាមេគ្រួសារចំនួន៩៥៩នាក់
ដោយក្នុងគ្រួសារនីមួយៗទទួលបាន ៖
-អង្ករចំនួន ១ បាវ = ៥០គីឡូក្រាម
-ឃីត ចំនួន ១ កញ្ចប់ (មុង ១, ភួយ ១, ក្រមា ១, សារុង ១)
-មី ចំនួន ២ កេស
-ត្រីខ ចំនួន ១០ កំប៉ុង
-តង់កៅស៊ូ ចំនួន ០១ (៤ម X ៦ម)
-អាវយឺតមានផ្លាកព្រះរាជអំណោយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ
នរោត្តម សីហមុនី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំនួន ០១
-ថវិកាចំនួន ៤០០ ០០០ រៀល (ព្រះរាជទ្រព្យព្រះមហាក្សត្រ ចំនួន ២០០
០០០រៀល រួមនឹងព្រះរាជទ្រព្យ សម្តេចព្រះមហាក្សត្រី ចំនួន ២០០ ០០០រៀល) ។
សូមជម្រាបថា
ស្ថានភាពទឹកជំនន់ ចាប់ពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ បានរងផលប៉ះពាល់លិចចូលលំនៅដ្ឋានប្រជារាស្ត្រនៅឃុំបុសលាវ
ចំនួន៩ភូមិ ក្នុងនោះមានភូមិល្វាទង មាន៨គ្រួសារ ភូមិព្រែកកូវ មាន១៦០គ្រួសារ
ភូមិព្រះគន្លង មាន១៦៥គ្រួសារ ភូមិតាលុស មាន៣៧គ្រួសារ ភូមិបុសលាវលើ មាន៤២គ្រួសារ
ភូមិបុសលាវក្រោម មាន១៤២គ្រួសារ ភូមិព្រែកតាថឹង មាន១២៣គ្រួសារ ភូមិព្រែកតាអាំ
មាន២៨១គ្រួសារ និងភូមិពោធិ៍ មានចំនួន១គ្រួសារ៕






