(ហាណូយ)៖ ក្រសួងការបរទេសទីក្រុងហាណូយ បាននិយាយថា មេដឹកនាំកំពូលវៀតណាម លោក To Lam នឹងបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ ទៅកាន់ប្រទេសកូរ៉េខាងជើង ចាប់ពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី៦ ខែតុលា ឆ្នាំ២០២៥។
នាថ្ងៃចន្ទនេះ
ក្រសួងការបរទេសវៀតណាម បាននិយាយថា លោក Lam ដែលជាអគ្គលេខាធិការបក្សកុម្មុយនីស្ត
នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកូរ៉េខាងជើង នាថ្ងៃទី៩-១១ ខែតុលា។ អំឡុងពេលនោះ
រូបលោកនឹងចូលរួមព្រឹត្តិការណ៍អបអរខួបទី៨០
នៃការបង្កើតគណបក្សកាន់អំណាចរបស់កូរ៉េខាងជើង។
គួរបញ្ជាក់ថា
វានឹងជាទស្សនកិច្ចលើកដំបូងបំផុតរបស់លោក Lam ទៅកាន់កូរ៉េខាងជើង ក្នុងនាមជាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម
ហើយបន្ទាប់ពីទស្សនកិច្ចរបស់លោក ទៅកាន់កូរ៉េខាងត្បូង កាលពីខែសីហា។
ទស្សនកិច្ចលើកចុងក្រោយធ្វើឡើង ដោយមេដឹកនាំបក្សកុម្មុយនីស្តវៀតណាមទៅកាន់កូរ៉េខាងជើង
គឺតាំងពីឆ្នាំ២០០៧មកម្ល៉េះ។ ដោយឡែក មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន
ធ្លាប់បានធ្វើដំណើរមកកាន់ប្រទេសវៀតណាម កាលពីឆ្នាំ២០១៩ ដើម្បីបើកជំនួបកំពូលទ្វេភាគី
ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ៕

