(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ជាថ្មី ទាក់ទងនឹងការទិញប្រេងពីរុស្ស៉ីដោយឥណ្ឌា ជាមួយការព្រមានទីក្រុងញូវដេលី ថានឹងបន្តរងនូវពន្ធគយកម្រិតខ្ពស់ ប្រសិនបើមិនព្រមឈប់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ ២០២៥។
នៅលើយន្តហោះ Air Force One លោក ត្រាំ
និយាយថា «ខ្ញុំបានជជែកជាមួយ លោក ម៉ូឌី
នៃប្រទេសឥណ្ឌា ហើយគាត់និយាយថាគាត់ នឹងមិនបន្តទិញប្រេងរុស្ស៉ីទៀតឡើយ»។ នៅពេលត្រូវបានសាកសួរពីការអះអាងរបស់ឥណ្ឌា
ដែលថាខ្លួនមិនបានដឹងពីការជជែកណាមួយទេនោះ លោក ត្រាំ ឆ្លើយតបថា «ប៉ុន្តែប្រសិនបើពួកគេចង់ ពួកគេនឹងបន្តបង់ពន្ធដ៏ធំ
ហើយពួកគេមិនចង់ធ្វើដូច្នេះទេ»។
ប្រេងរុស្ស៉ី
បានក្លាយទៅជារឿងខឹងសម្បារធំមួយសម្រាប់ លោក ត្រាំ
ក្នុងកិច្ចពិភាក្សាពាណិជ្ជកម្មជាមួយឥណ្ឌា។ ពាក់កណ្តាល
ពន្ធ៥០ភាគរយរបស់អាមេរិកលើទំនិញឥណ្ឌា គឺជាការសងសឹកចំពោះការបន្តទិញប្រេងនោះ។
រដ្ឋាភិបាលអាមេរិកថា ប្រាក់ចំណូលពីវិស័យប្រេង
បានផ្តល់មូលនិធិដល់សង្គ្រាមរុស្ស៉ីនៅអ៊ុយក្រែន។
គួរបញ្ជាក់ថា ឥណ្ឌា
គឺជាម៉ូយដុំទិញប្រេងបញ្ចុះតម្លៃរបស់រុស្ស៉ី បន្ទាប់ពីប្រទេសលោកខាងលិចឈប់ទិញ
និងដាក់ទណ្ឌកម្មលើទីក្រុងមូស្គូ សម្រាប់ការឈ្លានពានអ៊ុយក្រែន តាំងពីឆ្នាំ ២០២២៕


