(សេអ៊ូល)៖ នាថ្ងៃចន្ទ ទី២០ ខែតុលា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បាននិយាយថា ប្រទេសអាស៉ីបូព៌ាមួយនេះ នឹងប្រើប្រាស់កញ្ចប់ថវិកាធំហួសពីការរំពឹងទុក ទៅក្នុងការងារស្រាវជ្រាវវិស័យការពារជាតិ រហូតដល់ឆ្នាំ២០៣០ ស្របពេលដែលកូរ៉េខាងត្បូង កំពុងព្យាយាមកសាងឧស្សាហកម្មការពារជាតិធំបំផុតមួយ ឱ្យដល់លំដាប់ទី៤លើពិភពលោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លោក Lee បានថ្លែងដូចខាងអំឡុងព្រឹត្តិការណ៍ពិព័រណ៍យោធាធំជាងគេបង្អស់របស់កូរ៉េខាងត្បូង
ហៅកាត់ ADEX 2025 ជាទីដែលក្រុមហ៊ុននានា
នាំគ្នាតាំងបង្ហាញសព្វាវុធទំនើបៗថ្មីចុងក្រោយរបស់ពួកគេ មានតាំងពីកាំភ្លើងធំ
រហូតដល់យន្តហោះដ្រូនអត្តឃាត ដែលមានរួមបញ្ចូលនូវបច្ចេកវិទ្យា AI ជាដើម ដើម្បីទាក់ទាញអតិថិជនទូទាំងពិភពលោក។
គួរបញ្ជាក់ថា យោងតាមទិន្នន័យស្តីពីក្រុមហ៊ុនសព្វាវុធកំពូលទាំង១០០
ចងក្រងដោយវិទ្យាស្ថាន Stockholm International Peace Research
Institute (SIPRI) កូរ៉េខាងត្បូង បានឈរនៅចំណាត់ថ្នាក់លេខ១០
ក្នុងការលក់សព្វាវុធ គិតត្រឹមកាលពីឆ្នាំ២០២៣។ សព្វាវុធបានក្លាយជាផលិតផលនាំចេញ
ដែលមានកំណើនយ៉ាងឆាប់រហ័សរបស់កូរ៉េខាងត្បូង
ជាពិសេសចាប់តាំងតែពីសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន
ដោយមានការចុះកិច្ចព្រមព្រៀងទំហំទឹកប្រាក់រាប់សិបពាន់លានដុល្លារ
ដើម្បីលក់បរិក្ខារការពារជាតិគ្រប់បែបយ៉ាង តាំងពីកាំភ្លើងធំ គ្រាប់រំសេវ
រហូតដល់មីស៉ីល និងនាវាចម្បាំង នៅជុំវិញពិភពលោក៕



