(បែរឡាំង)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក Der Spiegel នាថ្ងៃចន្ទ ទី២០ ខែតុលា បានរាយការណ៍ថា រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius មានបំណងបញ្ជាទិញយន្តហោះចម្បាំង F-35 ចំនួន១៥គ្រឿងបន្ថែម ពីក្រុមហ៊ុនអាមេរិក Lockheed Martin។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
សេចក្តីរាយការណ៍ដូចខាងលើ
គឺផ្អែកទៅលើឯកសារដែលត្រូវបានត្រៀមសម្រាប់គណៈកម្មាធិការកញ្ចប់ថវិការបស់សភាអាល្លឺម៉ង់
ខណៈប្រភពពីក្នុងសភាអាល្លឺម៉ង់ផ្ទាល់ ក៏បានឱ្យដឹងដូចគ្នាផងដែរ។
ការទិញយន្តហោះចម្បាំងបន្ថែមនោះ គឺស្ថិតក្នុងចំណោមគម្រោងយោធាដទៃទៀត ហើយកញ្ចប់ថវិកាដើម្បីទិញ
ត្រូវបានវាយតម្លៃថា មានចំនួនខ្ទង់២.៥ពាន់លានអឺរ៉ូ ឬស្មើនឹងជិត៣ពាន់លានដុល្លារ។
កន្លងមក អាល្លឺម៉ង់បានបញ្ជាទិញយន្តហោះចម្បាំង F-35 របស់អាមេរិក ចំនួន៣៥គ្រឿងរួចស្រេចហើយ
ដើម្បីយកមកប្រើប្រាស់ជំនួសយន្តហោះ Tornado ៨៥គ្រឿងរបស់ខ្លួន
ដែលមានអាយុកាលចាស់ៗអស់ទៅហើយ និងត្រូវបានគ្រោងដាក់ឱ្យចូលនិវត្តន៍។ យន្តហោះ F-35 នឹងជំនួសយន្តហោះ Tornado ក្នុងតួនាទីដឹកជញ្ជូនគ្រាប់បែកនុយក្លេអ៊ែរអាមេរិក
ដែលស្តុកទុកនៅអាល្លឺម៉ង់ ក្នុងករណីមានសង្រ្គាមផ្ទុះឡើង។
គួរបញ្ជាក់ថា កាលពីកក្កដា ទីក្រុងបែរឡាំង
ធ្លាប់បានច្រានចោលសេចក្តីរាយការណ៍ អំពីគម្រោងទិញយន្តហោះចម្បាំង F-35 បន្ថែម ដែលកាលនោះ គឺត្រូវបានរាយការណ៍ថា
ចំនួន១៥គ្រឿងដូចគ្នា ប៉ុន្តែកញ្ចប់ថវិកាការពារជាតិ
ដែលត្រូវបានបង្កើនគួរឱ្យកត់សម្គាល់ ចាប់តាំងពីពេលនោះមក បានបង្កើតវិសាលភាពបន្ថែម
សម្រាប់អាល្លឺម៉ង់ទិញសព្វាវុធផ្សេងៗ៕

