(អង់ការ៉ា)៖ នាថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា
កិច្ចព្រមព្រៀងឈប់បាញ់ជាមួយអ៉ីរ៉ង់ គឺបានឈានដល់ទីបញ្ចប់ហើយ
បន្ទាប់ពីទីក្រុងវ៉ាស៉ីនតោន បានបើកការវាយប្រហារថ្មីលើអ៉ីរ៉ង់
ក្រោយមានករណីវាយប្រហារលើកប៉ាល់ដឹកប្រេងក្នុងច្រកសមុទ្រ Hormuz ហើយអ៉ីរ៉ង់បានឆ្លើយតបវិញ
ដោយកំណត់គោលដៅលើមូលដ្ឋានទ័ពអាមេរិក នៅតាមប្រទេសអារ៉ាប់ក្នុងតំបន់។
នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ថ្លែងចេញពីរដ្ឋធានីអង់ការ៉ានៃប្រទេសតួកគីយ៉េ
មុនការបើកកិច្ចប្រជុំកំពូលរបស់អង្គការ NATO លោក ត្រាំ បាននិយាយថា អនុស្សរណៈយោគយល់ដែលត្រូវបានចុះហត្ថលេខា
ជាមួយអ៉ីរ៉ង់កាលពីខែមិថុនា
ដើម្បីឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពផ្លូវការចុងក្រោយមួយនោះ
គឺបានឈានដល់ទីបញ្ចប់ហើយ ហើយលោកមិនចង់ធ្វើប្រាស្រ័យទាក់ទងជាមួយទីក្រុងតេហេរ៉ង់ទៀតទេ។
លោកប្រធានាធិបតីអាមេរិក បានលើកឡើងយ៉ាងដូច្នេះថា «បើតាមការយល់ឃើញរបស់ខ្ញុំផ្ទាល់ គឺវាចប់ហើយ។
វាជារឿងចំណាយពេលឥតប្រយោជន៍ ក្នុងការទៅនិយាយជាមួយពួកគេ»។ លោក ត្រាំ បានឆ្លើយបែបនេះ នៅពេលត្រូវបានសាកសួរថា
តើបទឈប់បាញ់ជាមួយអ៉ីរ៉ង់ នាពេលនេះគឺចប់ហើយមែនទេ។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ
យោធាអាមេរិកបានប្រកាសពីការបើកប្រតិបត្តិការការវាយប្រហារលើគោលដៅអ៉ីរ៉ង់
ឆ្លើយតបការវាយប្រហារលើកប៉ាល់ពាណិជ្ជកម្មចំនួន៣គ្រឿង នៅច្រកសមុទ្រ Hormuz ក្នុងសប្តាហ៍នេះ។
ចំណែកនៅថ្ងៃពុធនេះ កងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បានប្រកាសថា
ពួកគេបានបើកការវាយប្រហារលើទីតាំងយោធាសំខាន់ៗរបស់អាមេរិក
នៅក្នុងប្រទេសបារ៉ែននិងកូវ៉ែត។ ភាគីទាំងពីរបានចោទគ្នាទៅវិញទៅមក
អំពីការបំពានបទឈប់បាញ់។
កាលពីខែមិថុនា អាមេរិកនិងអ៉ីរ៉ង់
បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដែលបម្រើជាកិច្ចព្រមព្រៀងបឋម សម្រាប់ឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមជាអចិន្រ្តៃយ៍
បន្ទាប់ពីវាផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ នៅពេលសហរដ្ឋអាមេរិកនិងអ៉ីស្រាអែល
បានរួមដៃគ្នាបើកការវាយប្រហារតាមផ្លូវអាកាស នៅទូទាំងប្រទេសអ៉ីរ៉ង់៕



