ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៥ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៦ នៃសាលាភូមិន្ទរដ្ឋបាល

នាគខៀវ

 


(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៥ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៦ នៃសាលាភូមិន្ទរដ្ឋបាល នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

ពិធីនេះមានការអញ្ជើញចូលរួមពីលោកទេសរដ្ឋមន្ត្រី លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោករដ្ឋមន្ត្រីក្រសួងអធិការកិច្ច សមាជិក សមាជិការាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ តំណាងក្រសួង ស្ថាប័ន អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ក្រុមប្រឹក្សាសាលា គណៈគ្រប់គ្រងសាលា សាស្ត្រាចារ្យ គ្រូឧទ្ទេស មន្ត្រីរាជការ កម្មសិក្សាការី និងសិស្សមន្ត្រី នៃសាលាភូមិន្ទរដ្ឋបាល សរុបប្រមាណ ១,៩០០អង្គ/នាក់។

នាឱកាសនោះលោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានឡេីងថ្លែងសុន្ទរកថាស្វាគមន៍ និងរបាយការណ៍សង្ខេប ដោយបានរំលឹកឡើងវិញអំពីបេសកកម្មចម្បងរបស់សាលាភូមិន្ទរដ្ឋបាល ដែលជាគ្រឹះស្ថានបណ្តុះបណ្តាលសាធារណៈ ក្នុងការគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សឱ្យឆ្លើយតបនឹងតម្រូវការអភិវឌ្ឍជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល រួមមាន៖

ទី១៖ រៀបចំផែនការជ្រើសរើស និងបណ្តុះបណ្តាលសិស្សមន្ត្រីជាន់ខ្ពស់ និងសិស្សមន្ត្រីក្រមការ និងផ្តល់ការបណ្តុះបណ្តាលដំបូងដល់មន្ត្រី ដែលទើបត្រូវបានជ្រើសរើសថ្មី ដើម្បីបម្រើការងារក្នុងរដ្ឋបាលសាធារណៈ

ទី២៖ រៀបចំផ្តល់ការបណ្តុះបណ្តាលបន្ត និងកម្មវិធីចែករំលែកចំណេះដឹង និងបទពិសោធពាក់ព័ន្ធនឹងវិស័យសាធារណៈ និង ទី៣-សិក្សាស្រាវជ្រាវ ចងក្រង និងផ្សព្វផ្សាយនវានុវត្តន៍ និងឧត្តមានុវត្តន៍ពាក់ព័ន្ធនឹងវិស័យសាធារណៈ។

បន្ថែមលើបេសកកម្មចម្បងដែលត្រូវបំពេញសាលាភូមិន្ទរដ្ឋបាលតែងបានផ្តោត សំខាន់លើការអនុវត្តនិងផ្សព្វផ្សាយ ការងារសង្គមដោយបានជំរុញការលើក ទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃសាលា ភូមិន្ទរដ្ឋបាល រួមជាមួយកម្មសិក្សាការី សិក្ខាកាម និងសិស្សមន្ត្រីឱ្យចូលរួមក្នុងការងារសង្គម និងការផ្សព្វផ្សាយនានា។ ជា លទ្ធផលសកម្មភាពសង្គម របស់សាលា ភូមិន្ទរដ្ឋបាល ត្រូវបានអនុវត្តជាបន្តបន្ទាប់រៀងរាល់ឆ្នាំ និងបានចូលរួមក្នុង វិស័យ អប់រំ សុខាភិបាល បរិស្ថាន សាសនា វប្បធម៌ សង្គម កិច្ច ទេសចរណ៍ មនុស្សធម៌ជាដើម។

ទន្ទឹមនេះលោក យក់ ប៊ុនណា បានលើកឡើងថា ដើម្បីរួមចំណែកឱ្យបានកាន់តែសកម្ម និងមានប្រសិទ្ធភាពក្នុងការកសាង និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសាធារណៈ សាលាភូមិន្ទរដ្ឋបាល នឹងបន្តពង្រឹង និងពង្រីកកិច្ចសហការល្អជាមួយក្រសួង ស្ថាប័ននៅថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយផ្តោតការយកចិត្តទុកដាក់លើការរៀបចំ និងបើកវគ្គបណ្តុះបណ្តាលឱ្យឆ្លើយតបនឹងសេចក្តីត្រូវការនៃការអភិវឌ្ឍសមត្ថភាពមនុស្ស ឈរលើបាវចនា៖ វិន័យ គុណភាព គុណធម៌ និងនវានុវត្តន៍។

លោកនាយកសាលា បានបញ្ជាក់ថា សាលាភូមិន្ទរដ្ឋបាល បានកំណត់ចក្ខុវិស័យរបស់ខ្លួនយ៉ាងច្បាស់លាស់ និងមុតមាំ តាមរយៈផែនការយុទ្ធសាស្ត្រ (២០២៦-២០៣០) ដើម្បីអភិវឌ្ឍខ្លួនជាស្ថាប័នឈានមុខលើគុណភាព និងនវានុវត្តន៍ ដោយបានដាក់ចេញនូវយុទ្ធសាស្ត្រចំនួន៥ រួមមាន៖ (១)ការអភិវឌ្ឍ និងការលើកកម្ពស់សមិទ្ធកម្មនៃកម្មវិធីបណ្តុះបណ្តាល, (២)ការពង្រឹង និងពង្រីកភាពជាដៃគូក្នុងការបណ្តុះបណ្តាល និងការសិក្សាស្រាវជ្រាវ, (៣)ការជំរុញការសិក្សាស្រាវជ្រាវ និងផ្សព្វផ្សាយ, (៤)ការជំរុញការរៀបចំវេទិកាចែករំលែកចំណេះដឹង និងការអនុវត្តសកម្មភាពសង្គម និង (៥)ការលើកកម្ពស់សមត្ថភាពឌីជីថលគាំទ្រការបណ្តុះបណ្តាល និងការសិក្សាស្រាវជ្រាវ៕














 

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top