អ្នកសារព័ត៌មានអនឡាញម្នាក់
ដែលគេស្គាល់ឈ្មោះ ថ្លាង តៅ ហៅ ប៉ាន់ ជាអ្នកកាសែតប្រចាំខេត្តស្ទឹងត្រែង
បានចុះមកធ្វើការនៅស្រុកឆែប ខេត្តព្រះវិហារ ហើយបង្ហោះហ្វេសបុកផ្ទាល់ខ្លួនឈ្មោះ «ប៉ាន
ព័ត៌មាន» ថា មានករណីប៉ុនប៉ងមនុស្សឃាត ឬ
បង្កអសន្តិសុខតាមដងផ្លូវ នៅមិនទាន់មកដាក់ពាក្យបណ្តឹងជាមួយសមត្ថកិច្ចជំនាញនៅឡើយទេ។
ពាក់ព័ន្ធករណីនេះ
លោកវរសេនីយ៍ឯក គង់ គា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល
នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានប្រាប់អ្នកយកព័ត៌មានកាលពីរសៀលថ្ងៃទី ២២
ខែមិថុនា ឆ្នាំ ២០២៦ ថា កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
សហការជាមួយអធិការដ្ឋាននគរបាលស្រុកឆែប និង ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំឆែបពីរ
បានចុះស្រាវជ្រាវយ៉ាងម៉ត់ចត់ជាបន្ទាន់ ជាលទ្ធផល ពុំមែនជាករណីប៉ុនប៉ងមនុស្សឃាត ឬ
បង្កអសន្តិសុខតាមដងផ្លូវដូចការចុះផ្សាយនោះឡើយ ពោលគឺជាករណីទំនាស់បុគ្គល និង បុគ្គល។
លោកបន្តថា
គិតមកដល់ត្រឹមល្ងាចថ្ងៃទី ២២ កម្លាំងនគរបាលស្រុកឆែប និង នគរបាលខេត្តព្រះវិហារ
នៅមិនទាន់បានទទួលពាក្យបណ្តឹងពីឈ្មោះខាងលើនៅឡើយទេ
ខណៈដែលបានបង្ហោះក្នុងន័យស្វែងរកជំនួយពីសមត្ថកិច្ច។
លោកបន្ថែមថា
នគរបាលស្រុកឆែប បានទាក់ទងតាមទូរស័ព្ទទៅបុគ្គលខាងលើដែរ តែឈ្មោះ ប៉ាន់ នោះ
បាននិយាយថា លោកមិនទាន់មានពេលទៅដាក់ពាក្យបណ្តឹងនោះទេ
ដោយសារមិនទាន់មានលុយចាក់សាំងធ្វើដំណើរ។
បច្ចុប្បន្ន
កម្លាំងសមត្ថកិច្ច កំពុងបន្តនីតិវិធីស្រាវជ្រាវ និង ស៊ើបអង្កេតករណីនេះឲ្យបានដិតដល់
ដើម្បីចាត់ការតាមច្បាប់ ហើយរដ្ឋបាលខេត្ត នឹងជម្រាបជូនព័ត៌មានលម្អិតបន្ថែមទៀត
នៅពេលទទួលបានលទ្ធផលថ្មី។
ទោះមានការលើកឡើងពីសំណាក់អាជ្ញាធរជុំវិញករណីខាងលើយ៉ាងនេះក្តី
អ្នកសារព័ត៌មាន និង មហាជន សង្ឃឹមថា សមត្ថកិច្ច
នឹងប្រឹងប្រែងស្រាវជ្រាវឲ្យដឹងរឿងរ៉ាវនេះឆាប់មានពន្លឺយុត្តិធម៌ទាំងសងខាង៕




