នាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រហ័រមូហ្ស
រួមទាំងកប៉ាល់ដឹកប្រេង និងទំនិញផ្សេងៗ បានចាប់ផ្ដើមដំណើរការឡើងវិញជាបណ្ដើរៗ
ក្រោយកិច្ចព្រមព្រៀងបណ្ដោះអាសន្នរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ចូលជាធរមាន
ហើយអាមេរិកបានដកការបិទខ្ទប់លើអ៊ីរ៉ង់កាលពីថ្ងៃព្រហស្បតិ៍។
នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
ការវិវត្តនេះ
បានជួយបន្ធូរបន្ថយកង្វល់អំពីការរំខានផ្នែកផ្គត់ផ្គង់ថាមពលពិភពលោក
ព្រោះច្រកសមុទ្រហ័រមូហ្ស គឺជាផ្លូវដឹកជញ្ជូនដ៏សំខាន់មួយដែលរួមចំណែកដល់ការដឹកជញ្ជូនប្រេងប្រមាណ
២០% នៃតម្រូវការពិភពលោក។ ជាលទ្ធផល
តម្លៃប្រេងនៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះក្រោម ៨០ ដុល្លារ/បារ៉ែល
ខណៈអ្នកវិនិយោគរំពឹងថា ការនាំចេញប្រេងឆ្លងកាត់ច្រកសមុទ្រនេះ
នឹងវិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញក្នុងរយៈពេលប៉ុន្មានខែខាងមុខ។
ប្រធានាធិបតីអាមេរិក
លោក ដូណាល់ ត្រាំ និងប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូដ ប៉េហ្សេសគីយ៉ាន (Masoud Pezeshkian) កាលពីថ្ងៃព្រហស្បតិ៍
បានចុះហត្ថលេខាតាមប្រព័ន្ធអេឡិចត្រូនិកលើអនុស្សរណៈនៃការយោគយល់គ្នា (MoU)
ស្ដីពីកិច្ចព្រមព្រៀងសន្តិភាពបណ្ដោះអាសន្ន ដែលចូលជាធរមានភ្លាមៗ។
កិច្ចព្រមព្រៀងនេះរួមមានការពង្រីកបទឈប់បាញ់ ការចរចាទូលំទូលាយរយៈពេល ៦០ ថ្ងៃ
ការបើកច្រកសមុទ្រហ័រមូហ្សឡើងវិញ និងមូលនិធិកសាងអ៊ីរ៉ង់ឡើងវិញក្នុងទំហំ ៣០០
ប៊ីលានដុល្លារ។ ចំពោះកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ភាគីទាំង២
នឹងបន្តការចរចាក្នុងអំឡុងពេល ៦០ ថ្ងៃខាងមុខ។
លោក
ត្រាំ បាននិយាយថា លោករំពឹងឱ្យមានបទឈប់បាញ់ពេញលេញនៅទូទាំងតំបន់ និងបានបញ្ជាក់ថា៖ «សហរដ្ឋអាមេរិកប្តេជ្ញាចិត្តចំពោះសន្តិភាព
ហើយយើងលើកទឹកចិត្តមនុស្សគ្រប់គ្នានៅក្នុងតំបន់មជ្ឈិមបូព៌ាឱ្យរក្សាការប្តេជ្ញាចិត្តរបស់ពួកគេ
ក្នុងការអនុញ្ញាតឱ្យការចរចារបស់យើងប្រព្រឹត្តទៅដោយរលូន»។
ទោះជាយ៉ាងណា
ការខ្វែងគំនិតគ្នាធំៗនៅតែមាន។ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Mojtaba
Khamenei បាននិយាយថា លោក ត្រាំ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ «ដោយអស់ជម្រើស» ហើយបានព្រមានថា
ការចរចាលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់នាពេលខាងមុខអាចនឹងមិនមានភាពងាយស្រួលឡើយ។
លោក Khamenei បានបញ្ជាក់ថា៖
«ប្រសិនបើភាគីអាមេរិកទាមទារហួសហេតុពេក យើងនឹងមិនទទួលយកនោះទេ»។
អ៊ីរ៉ង់ក៏បានបញ្ជាក់ផងដែរថា
ខ្លួននឹងបន្តត្រួតពិនិត្យចរាចរណ៍ឆ្លងកាត់ច្រកសមុទ្រហ័រមូហ្សក្នុងអំឡុងពេល ៦០
ថ្ងៃនៃការចរចា ដោយចេញការអនុញ្ញាត និងសម្របសម្រួលចរាចរណ៍នាវា
ប៉ុន្តែមិនគិតថ្លៃសេវាឆ្លងកាត់នោះទេ។
ទោះបីជាចរាចរណ៍នាវាបានចាប់ផ្ដើមស្ដារឡើងវិញក៏ដោយ
អ្នកវិភាគមួយចំនួនបានព្រមានថា
ការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រហ័រមូហ្សអាចត្រូវការពេលបន្ថែមទៀត
ដើម្បីវិលត្រឡប់ទៅកម្រិតធម្មតាវិញ ខណៈក្រុមហ៊ុនដឹកជញ្ជូន និងក្រុមហ៊ុនម្ចាស់កប៉ាល់
នៅតែតាមដានយ៉ាងដិតដល់លើការអនុវត្តកិច្ចព្រមព្រៀង និងការវិវត្តនៃការចរចារវាងអាមេរិក
និងអ៊ីរ៉ង់៕

