(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន
ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ បានទទួល ជួបពិភាក្សាការងារជាមួយលោកស្រី ZHONG
Jie អគ្គទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម
អមស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ក្នុងឱកាសដែលលោកស្រីបានបញ្ចប់បេសកកម្មការងារនៅប្រទេសកម្ពុជា
និងជម្រាបលា ក៏ដូចជាទទួលជួបសម្តែងការគួរសមជាមួយស្រី XUE Dong អគ្គទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មថ្មី
អមស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា។
អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី
បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកស្រី ZHONG Jie អគ្គទីប្រឹក្សាសេដ្ឋកិច្ច
និងពាណិជ្ជកម្ម ដែលបានបំពេញការងារប្រកបដោយប្រសិទ្ធភាព និងសកម្ម
ជំរុញកិច្ចសហប្រតិបត្តិការទេ្វភាគីកម្ពុជា-ចិន ទទួលបាននូវលទ្ធផលផ្លែផ្កាជាច្រើន
នាពេលកន្លងមក។ កម្ពុជា-ចិន, ក្នុងនាមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ
និងជាមិត្តដែកថែប, បានពូនជ្រុំទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ។
ជាក់ស្តែង, ក្នុងរយៈពេល ៥ ឆ្នាំ ចុងក្រោយនេះ, ក្នុងអំឡុងពេលដែលកម្ពុជាជួបប្រទះនូវវិបត្តិនានាចាប់ពីវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ
១៩ រហូតដល់វិបត្តិនាពេលថ្មីៗនេះជាបន្តបន្ទាប់, រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន,
តាមរយៈហិរញ្ញប្បទានសហប្រតិបត្តិការ, បានបន្តជួយជ្រោមជ្រែង
តាមរយ:ជំនួយមនុស្សធម៌បន្ទាន់ក៏ដូចជា
ការចូលរួមចំណែកដល់ការអភិវឌ្ឍលើវិស័យអាទិភាពសំខាន់ៗ របស់រាជរដ្ឋាភិបាលកម្ពុជា
ជាពិសេស ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ, ធារាសាស្រ្ត,
ផ្លូវជនបទ, ទឹកស្អាត, ថាមពល, សុខាភិបាល, អប់រំ,
និងការអភិវឌ្ឍធនធានមនុស្ស ជាដើម ។ ទំហំរំហូរវិនិយោគ, ទេសចរណ៍ និងពាណិជ្ជកម្មពីប្រទេសចិន
ក៏មានការកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ ។
លោកស្រីអគ្គទីប្រឹក្សា បានសម្តែងការវាយតម្លៃខ្ពស់
ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អកន្លងមក ទាំងក្នុងក្របខណ្ឌទ្វេភាគី កម្ពុជា-ចិន, ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ
និងក្នុងក្របខណ្ឌពហុភាគីរួមមាន៖ ក្របខណ្ឌអាស៊ាន និងអង្គការពាណិជ្ជកម្មពិភពលោក។
កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន បានធ្វើឱ្យទំនាក់ទំនងកម្ពុជា-ចិន កាន់តែខ្លាំងក្លា
និងតាមរយ:ទំនាក់ទំនងនេះ បានធ្វើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច
និងសង្គមកម្ពុជាសម្រេចបានលទ្ធផលជាផ្លែផ្កាជាច្រើន។
លោកស្រីអគ្គទីប្រឹក្សា
ក៏បានសម្តែងនូវការត្រេកអរផងដែរ ដែលក្នុងអំឡុងពេលបំពេញបេសកកម្មនៅកម្ពុជា
លោកស្រីបានសម្រេចនូវសមិទ្ធផលធំៗជាច្រើន ក្នុងនោះរួមមាន មហាវិថី ស៊ី ជីនពីង
(ផ្លូវក្រវ៉ាតក្រុងទី ៣), គម្រោងសាងសង់ផ្លូវជាតិលេខ
៧ និងគម្រោងអភិវឌ្ឍន៍សាកលវិទ្យាល័យក្រចេះជំហានទី ២ ជាដើម។
លោកស្រីអគ្គទីប្រឹក្សា សង្ឃឹមថាកម្ពុជា-ចិន
នឹងបន្តពង្រឹង និងពង្រីកកិច្ចសហការលើវិស័យផ្សេងទៀត
ដែលរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន កំពុងផ្តោតការចាប់អារមុ្មណ៍
និងមានភាពជាយុទ្ធសាស្រ្ត ដូចជា វិស័យបច្ចេកវិទ្យា, កសិកម្ម និងពាណិជ្ជកម្ម ។
នាឱកាសនោះផងដែរ, អគ្គបណ្ឌិតសភាចារ្យ
ឧបនាយករដ្ឋមន្ត្រីក៏បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក XUE Dong អគ្គទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មថ្មី
ដែលនឹងត្រូវបន្តបេសកកម្មការងារនៅប្រទេសកម្ពុជា និងបានស្នើលោក XUE Dong បន្តគាំទ្រ និងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ចិន ឱ្យទទួលបានសមិទ្ធផលជាបន្តបន្ទាប់ទៀត
ក្នុងនោះ បន្តគាំទ្រជាពិសេសដល់គម្រោងជាប្រវត្តិសាស្រ្តរបស់កម្ពុជា
គឺគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ និងគម្រោងពាក់ព័ន្ធនានា ។
លោក XUE Dong អគ្គទីប្រឹក្សាថ្មី
បានមានប្រសាសន៍បន្ថែមថា លោកមានការត្រេកអរចំពោះការអភិវឌ្ឍដ៏គួរឱ្យកត់សម្គាល់របស់ប្រទេសកម្ពុជា
និងសន្យាថា ក្នុងបេសកកម្មការងាររបស់ឯកឧត្តមនៅប្រទេសកម្ពុជា, ឯកឧត្តមនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ចិន
និងក្នុងនាមដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឱ្យកាន់តែខ្លាំងក្លា
និងទទួលបានលទ្ធផលកាន់តែប្រសើរឡើងថែមទៀត ។
ជាថ្មីម្តងទៀត, អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី
បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងជូនពរ លោកស្រីអគ្គទីប្រឹក្សា
និងលោកអគ្គទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មថ្មី ព្រមទាំសហការី
សូមទទួលបានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ចក្នុងអាណត្តិការងារនាពេលអនាគតខាងមុខ ៕








