អភិបាលខេត្តតាកែវ ណែនាំមន្ដ្រីច្រកទ្វាព្រំដែន ពង្រឹងការត្រួតពិនិត្យទំនិញឆ្លងកាត់ឲ្យបានម្មត់ចត់

នាគខៀវ

 


(តាកែវ)៖ អភិបាលខេត្តតាកែវ លោក វ៉ី សំណាង បានធ្វើការណែនាំដល់មន្ដ្រីដែលប្រចាំការ តាមច្រកទ្វាព្រំដែនវៀតណាមទាំងអស់ក្នុងខេត្តតាកែវ ត្រូវយកចិត្តទុកដាក់ពង្រឹង និងបង្កើនការត្រួតពិនិត្យរាល់មុខទំនិញគ្រប់ប្រភេទ ដែលនាំចូលពីប្រទេសវៀតណាម មកកាន់កម្ពុជាតាមច្រកខេត្តតាកែវ។

ថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្តតាកែវ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦នេះ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានលើកឡើងថា ច្រកទ្វាអន្តរជាតិភ្នំដឹន និងច្រកទ្វាដទៃទៀតក្នុងខេត្តតាកែវ គឺជាច្រកសេដ្ឋកិច្ចដ៏សំខាន់ ក្នុងការដោះដូរទំនិញរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម និងមានទំនិញគ្រប់ប្រភេទរាប់រយមុខឆ្លងកាត់ជារៀងរាល់ថ្ងៃ ក្នុងន័យនេះអាជ្ញាធរមូលដ្ឋាន ពិសេសមន្ដ្រីគយ ត្រូវត្រួតពិនិត្យឲ្យបានតឹងរឹងបំផុត ចំពោះមុខទំនិញគ្រប់ប្រភេទ មុននឹងនាំចូលមកដាក់លក់នៅតាមទីផ្សារនានាក្នុងខេត្តតាកែវ និងខេត្តដទៃទៀត សំដៅធានាបាននូវគុណភាពទំនិញ និងសុវត្ថិភាពខ្ពស់ជូនប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់។

លោកអភិបាលខេត្តតាកែវ បានសង្កត់ធ្ងន់ថា «ប្រសិនមានមន្ដ្រីណាម្នាក់លួចគប់គិត ជាមួយឈ្មួញនាំទំនិញចូលខុសច្បាប់ និងត្រូវរងពិន័យ និងត្រូវដាក់ទោសទណ្ឌទៅតាមច្បាប់ដែលបានកំណត់ជាធរមាន»

លោក វ៉ី សំណាង បានណែនាំដល់អាជ្ញាធរក្រុងស្រុក ឃុំសង្កាត់ ត្រូវបង្កលក្ខណៈងាយស្រួល ដល់បណ្ដាអ្នកវិនិយោគគិនបរទេស ខណៈអាជ្ញាធរខេត្តកំពុងខិតខំប្រឹងប្រែងកៀរគរអ្នកវិនិយោគ មកកាន់ទឹកដីខេត្តតាកែវកាន់តែច្រើន ដើម្បីបង្កើតឱកាសការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន លើកកម្ពស់សេដ្ឋកិច្ចសង្គមគ្រួសារ កាត់បន្ថយភាពក្រីក្រ និងការចំណាកស្រុករបស់ពួកគាត់ផងដែរ៕
















 

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top