(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី៥ ខែមិថុនា
ឆ្នាំ២០២៦ បានចេញសេចក្តីថ្លែងការណ៍ ប្រកាសថ្កោលទោស ចំពោះការបំផ្លិចបំផ្លាញថ្មីៗនេះ
ដោយកងកម្លាំងយោធាថៃ ទៅលើជណ្តើរឈើឡើងប្រាសាទខ្នារ។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា «សូមថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះការបំផ្លិចបំផ្លាញថ្មីៗនេះ
ដោយកងកម្លាំងយោធាថៃទៅលើជណ្តើរឈើឡើងប្រាសាទខ្នារ
ដែលជាហេដ្ឋារចនាសម្ព័ន្ធសម្រាប់ឡើងទៅកាន់ប្រាសាទខ្នារ
និងសម្រាប់បម្រើដល់កិច្ចការអភិរក្សបេតិកភណ្ឌវប្បធម៌
និងដែលត្រូវបានសាងសង់ដោយអាជ្ញាធរកម្ពុជានៅឆ្នាំ២០១៧។ ជណ្តើរនេះមានចំនួន ១១៨១កាំ
និងមានប្រវែង៣២៥ម៉ែត្រ ឆ្ពោះទៅកាន់ប្រាសាទ
ដោយត្រូវបានកសាងឡើងក្នុងគោលបំណងគាំទ្រដល់ការអភិរក្ស
និងការគ្រប់គ្រងទីតាំងបេតិកភណ្ឌ ព្រមទាំងសម្រួលដល់ការចូលទស្សនារបស់ភ្ញៀវ
អ្នកស្រាវជ្រាវ និងសហគមន៍មូលដ្ឋាន»។
បើតាមក្រសួងវប្បធម៌ ការបំផ្លិចបំផ្លាញដោយចេតនាទៅលើហេដ្ឋារចនាសម្ព័ន្ធនេះ
គឺជាទង្វើបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់បេតិកភណ្ឌវប្បធម៌
និងដល់កិច្ចខិតខំប្រឹងប្រែងអភិរក្សដែលកម្ពុជាបានអនុវត្តអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
ទង្វើនេះគឺជាផ្នែកមួយនៃការប៉ុនប៉ងកាន់តែច្បាស់ក្នុងការផ្លាស់ប្តូរស្ថានភាពជាក់ស្តែងនៅលើដី
បង្កើតស្ថានភាព Fait accompli និងជាការប៉ុនប៉ងលុបបំបាត់ភស្តុតាងជាក់ស្តែងដែលបង្ហាញពីការគ្រប់គ្រង
ការអភិរក្ស និងការថែរក្សាទីតាំងប្រាសាទ និងទេសភាពវប្បធម៌ជុំវិញ
ដោយកម្ពុជាជាយូរលង់មកហើយ។
សកម្មភាពបែបនេះផ្ទុយនឹងគោលការណ៍មូលដ្ឋានស្តីពីការការពារបេតិកភណ្ឌវប្បធម៌
និងមិនស្របតាមកាតព្វកិច្ចរបស់រដ្ឋភាគីក្នុងការការពារសម្បត្តិវប្បធម៌សម្រាប់មនុស្សជំនាន់បច្ចុប្បន្ន
និងជនជំនាន់ក្រោយនោះទេ។
ជាមួយគ្នានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
សូមធ្វើការតវ៉ាយ៉ាងម៉ឺងម៉ាត់បំផុត
និងបដិសេធទាំងស្រុងចំពោះផែនការរបស់ភាគីថៃក្នុងការរៀបចំព្រឹត្តិការណ៍សាធារណៈ
ពិធីសាសនា សកម្មភាពទេសចរណ៍ និងការបើកប្រាសាទតាក្របី ឱ្យសាធារណជនចូលទស្សនា
ព្រមទាំងការលក់សំបុត្រចូលទស្សនា ដែលគ្រោងអនុវត្តនៅថ្ងៃទី៦ និងទី៧ ខែមិថុនា
ឆ្នាំ២០២៦ខាងមុខនេះ។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
សូមគូសបញ្ជាក់ជាថ្មីថា ប្រាសាទតាក្របី និងប្រាសាទខ្នារ ជាទីតាំងបេតិកភណ្ឌវប្បធម៌
និងប្រវត្តិសាស្ត្រដែលស្ថិតនៅក្នុងដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា
ដូចមានបញ្ជាក់ច្បាស់តាមសន្ធិសញ្ញានិងអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧
ព្រមទាំងលិខិតូបករណ៍ច្បាប់ពាក់ព័ន្ធដែលត្រូវបានទទួលស្គាល់ក្រោមច្បាប់អន្តរជាតិ។
ការរៀបចំសកម្មភាពសាធារណៈ ការទទួលភ្ញៀវទេសចរ
និងការប្រមូលថ្លៃចូលទស្សនាដោយអាជ្ញាធរថៃនៅប្រាសាទតាក្របី
គឺជាការអនុវត្តអំណាចដោយខុសច្បាប់លើទឹកដីកម្ពុជា
និងជាការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។
សកម្មភាពទាំងនេះមិនអាចទទួលយកបានឡើយ ហើយជាគោលបំណងបង្កើតការយល់ច្រឡំថាមានការគ្រប់គ្រងរដ្ឋបាលរបស់ភាគីថៃលើទីតាំងបេតិកភណ្ឌវប្បធម៌របស់កម្ពុជា។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
បដិសេធយ៉ាងដាច់ខាតចំពោះការប៉ុនប៉ងណាមួយក្នុងការធ្វើឱ្យមានភាពស្របច្បាប់
ឬធ្វើឱ្យក្លាយជារឿងប្រក្រតីលើការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់នេះ តាមរយៈសកម្មភាពទេសចរណ៍
វប្បធម៌ សាសនា ឬរដ្ឋបាល។ សកម្មភាពទាំងនេះគ្មានអានុភាពផ្លូវច្បាប់
និងមិនអាចកែប្រែអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជាលើប្រាសាទតាក្របីបានឡើយ។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
អំពាវនាវដល់រាជរដ្ឋាភិបាលថៃឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងអស់ខាងលើ រួមទាំងប្រតិបត្តិការទេសចរណ៍
ការលក់សំបុត្រចូលទស្សនា និងរាល់សកម្មភាពដែលបង្កការខូចខាត កែប្រែ
ឬរំខានដល់ទីតាំងបេតិកភណ្ឌវប្បធម៌ដែលស្ថិតនៅក្នុងទឹកដីកម្ពុជា។
ក្រសួងក៏ជំរុញឱ្យភាគីថៃគោរពកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់អន្តរជាតិ
ចៀសវាងសកម្មភាពដែលអាចបង្កើនភាពតានតឹង និងចៀសវាងវិធានការណាមួយដែលអាចប៉ះពាល់ដល់ការដោះស្រាយបញ្ហានេះដោយសន្តិវិធី។
ព្រះរាជាណាចក្រកម្ពុជា
នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការការពារអធិបតេយ្យភាពរបស់ខ្លួន
អភិរក្សបេតិកភណ្ឌវប្បធម៌ និងបន្តស្វែងរកដំណោះស្រាយតាមផ្លូវច្បាប់
និងការទូតដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ដើម្បីការពារបូរណភាពទឹកដី
និងមរតកវប្បធម៌របស់ជាតិ៕










