(ភ្នំពេញ)៖ អង្គភាពព័ត៌មាន និងប្រតិម្មរហ័ស
ដែលជាសេនាធិការរបស់គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន
និងសាធាណមតិ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ បានផលិត និងបញ្ចេញផ្សាយ វីដេអូ
ផ្លូវការក្រោមចំណងជើងថា «គោលជំហរដ៏ម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារអធិបតេយ្យ
និងបូរណភាពទឹកដី»។
គួរកត់សម្គាល់ថាក្នុងបរិបទដែលបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ
នៅពុំទាន់ដោះស្រាយចប់សព្វគ្រប់នៅឡើយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា
ធ្លាប់បានប្រកាសហើយថានឹងប្តេជ្ញារក្សាសន្តិភាព
តែក៏មិនធ្វើសម្បទានដែនអធិបតេយ្យភាពជាមួយប្រទេសជិតខាងឡើយ។ សម្តេចធិបតី ហ៊ុន
ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញនូវគោលជំហរយ៉ាងច្បាស់លាស់ថា
កម្ពុជាបាននិងកំពុងដើរលើផ្លូវត្រូវមួយដែលមានទាំង «ភាពម៉ឺងម៉ាត់« ក្នុងការការពារអធិបតេយ្យភាពជាតិ និង «ភាពចាស់ទុំ» ក្នុងការរក្សាសន្តិភាពយូរអង្វែង។
គោលជំហរដ៏ម៉ឺងម៉ាត់របស់កម្ពុជានៅពេលនេះ
និងក្នុងដំណើរឆ្ពោះទៅមុខ គឺភាពប្ដូរផ្ដាច់ និងច្បាស់លាស់
ក្នុងការការពារបូរណភាពទឹកដី ដោយមិនបោះបង់មធ្យោបាយសន្តិភាពឡើយ។
ទោះក្នុងតម្លៃណាក៏ដោយ
កម្ពុជាមិនទទួលស្គាល់ដាច់ខាតខ្សែព្រំដែនដែលកើតឡើងដោយការប្រើប្រាស់កម្លាំង
ឬការបង្កើតអង្គហេតុលើទីតាំងជាក់ស្ដែងដើម្បីផ្លាស់ប្ដូរខ្សែបន្ទាត់ព្រំដែន (Faits Accomplis) និងប្ដេជ្ញាការការពារនូវអធិបតេយ្យ
បូរណភាពទឹកដី និងអាយុជីវិតរបស់ប្រជាជន
ដោយមិនជ្រើសរើសផ្លូវដែលនាំឱ្យមានសង្គ្រាម និងការបង្ហូរឈាមឡើយ។ នេះជាទំនួលខុសត្រូវប្រកបដោយចក្ខុវិស័យវែងឆ្ងាយ
របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្រាប់អនាគតជាតិ និងប្រជាជនខ្មែរ៕
