(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃទី០៧ ខែមីនា
ឆ្នាំ២០២៦ នៅសាលាខេត្តពោធិ៍សាត់ លោក វ៉ាង វិនប៊ីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ
និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានចូលជួបសម្តែងការគួរសម
និងពិភាក្សាការងារជាមួយ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ
សេដ្ឋកិច្ច និងទំនាក់ទំនងអន្តរជាតិ។
ក្នុងជំនួបដ៏មានសារៈសំខាន់នេះលោក ខូយ រីដា
បានថ្លែងមតិស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានរបស់ លោក វ៉ាង វិនប៊ីន
ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅខេត្តពោធិ៍សាត់ ដែលនេះសបញ្ជាក់ឱ្យឃើញ ពីចំណងមិត្តភាពដែកថែបដ៏រឹងមាំរវាងប្រទេសទាំងពីរ។
លោកបានបង្ហាញនូវជំហរយ៉ាងមុតមាំ
និងបានលើកឡើងពីការប្តេជ្ញាចិត្តរបស់រដ្ឋបាលខេត្ត ក្នុងការបង្ក្រាបឱ្យខាងតែបាន
នូវឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ (Scam Online) នៅក្នុងមូលដ្ឋានខេត្ត
ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងកិត្តិយសរបស់ខេត្ត។
លោក វ៉ាង វិនប៊ីន បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង
ដល់អាជ្ញាធរខេត្តពោធិ៍សាត់ ក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Scam Online)។ ជាមួយគ្នានោះ
លោកបានស្នើរដ្ឋបាលខេត្ត ជួយការពារសុវត្ថិភាពដល់ប្រជាពលរដ្ឋចិនដែលរស់នៅ
និងប្រកបអាជីវកម្មក្នុងខេត្ត
ហើយភាគីចិនត្រៀមខ្លួនសហការជានិច្ចក្នុងការដឹកជញ្ជូនពលរដ្ឋខ្លួនត្រឡប់ទៅមាតុភូមិវិញ។
លោកឯកអគ្គរដ្ឋទូត បានលើកឡើងថា
ខេត្តពោធិ៍សាត់គឺជាគោលដៅវិនិយោគដ៏សំខាន់សម្រាប់ក្រុមហ៊ុនចិន
លើវិស័យកសិដ្ឋានដំឡូងមី រោងចក្រកាត់ដេរ និងថាមពលវារីអគ្គិសនី...។ល។ លោកបានសន្យាថា នឹងបន្តជំរុញឱ្យវិនិយោគិនចិនមកបណ្តាក់ទុនបន្ថែមទៀត
ពិសេសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ ស្រុកក្រគរ ដើម្បីបង្កើតការងារ
និងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋក្នុងតំបន់។
លោក វ៉ាង វិនប៊ីន បានស្នើឱ្យខេត្តពោធិ៍សាត់បង្កើត
សម្ព័ន្ធមេត្រីភាព ជាមួយខេត្តណាមួយនៃប្រទេសចិន
ដើម្បីបង្កលក្ខណៈងាយស្រួលដល់កិច្ចសហប្រតិបត្តិការទ្វេភាគី។ ទន្ទឹមនឹងនេះ
លោកឯកអគ្គរដ្ឋទូត ក៏បានគោរពអញ្ជើញថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ចូលរួមក្នុង
មហាសន្និបាតលើកទី២ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសចិន នាពេលខាងមុខផងដែរ។
លោកឯកអគ្គរដ្ឋទូត វ៉ាង វិនប៊ីន បានគូសបញ្ជាក់ថា
ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ, លោកបានបង្ហាញពីគោលជំហររបស់ចិនក្នុងការដើរតួជាអ្នកសម្រុះសម្រួល
ដើម្បីបញ្ចប់ជម្លោះ និងស្វែងរកផលប្រយោជន៍រួមសម្រាប់ ភាគីទាំងពីរ។
កន្លងមកចិនបានចាត់តាំងបេសកជនពិសេស ដើម្បីចុះអង្កេតផ្ទាល់តាមបណ្តោយព្រំដែន
ទាំងកម្ពុជា-ថៃ។
លោក ខូយ រីដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីចិន
ដែលបានជំរុញអ្នកវិនិយោគមកកាន់ខេត្តពោធិ៍សាត់
ដែលជាចំណែកមួយយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋមូលដ្ឋាន។
ក្នុងនាមរដ្ឋបាលខេត្ត លោកបានសម្តែងនូវការត្រៀមខ្លួនរួចជាស្រេច
ក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតចិន ដើម្បីធានាឱ្យបាននូវសន្តិសុខ
សណ្តាប់ធ្នាប់ និងបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងដល់វិនិយោគិន
និងប្រជាពលរដ្ឋចិនដែលកំពុងស្នាក់នៅ និងបម្រើការងារក្នុងខេត្ត៕










