(ហ្ស៊េរុយសាឡិម)៖ យោធាអ៉ីស្រាអែល
បានអះអាងថាខ្លួនបានប្រើប្រាស់យន្ដហោះចម្បាំង ៨០គ្រឿង
ក្នុងការវាយប្រហារលើទីតាំងយោធានៅក្នុងប្រទេសអ៉ីរ៉ង់
ក្នុងនោះរួមមានប្រព័ន្ធបាញ់មីស៊ីល និងគោលដៅផ្សេងទៀតក្នុងទីក្រុងតេហេរ៉ង់
និងភាគកណ្ដាលនៃប្រទេសអ៉ីរ៉ង់ នៅថ្ងៃសៅរ៍ ទី៧ ខែមីនា ឆ្នាំ២០២៦។ នេះបើតាមការចេញផ្សាយដោទីភ្នាក់ងារសារព័ត៌មាន
AFP។
ក្នុងសេចក្ដីថ្លែងការណ៍មួយ យោធាអ៉ីស្រាអែលបានឱ្យដឹងដូច្នេះថា «យន្ដហោះចម្បាំង
៨០គ្រឿង...បានបញ្ចប់បេសកកម្មវាយប្រហារបន្ថែមទៀតលើហេដ្ឋារចនាសម្ព័ន្ធរបស់របបភេរវករអ៉ីរ៉ង់»។ តាមសេចក្ដីថ្លែងការណ៍ដដែល
នេះជាការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំបំផុតធ្វើឡើងដោយអ៉ីស្រាអែល
ចាប់តាំងពីសង្រ្គាមបានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ដោយអាមេរិក
និងអ៉ីស្រាអែលបើកការវាយប្រហារមុនលើអ៉ីរ៉ង់។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ សហរដ្ឋអាមេរិក
និងអ៉ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំលើអ៉ីរ៉ង់
ហើយអ៉ីស្រាអែលអះអាងថាបានប្រើយន្ដហោះចម្បាំង ២០០គ្រឿង
ដែលនេះជាការវាយប្រហារតាមផ្លូវអាកាសធំបំផុតក្នុងប្រវត្តិសាស្ត្រនៃកងទ័ពអាកាសរបស់ខ្លួន៕
