ភ្នំពេញ ៖ លោក ហួន លន់ បានចេញមុខបំភ្លឺ
និងបដិសេធការចោទប្រកាន់ពីភាគីម្ចាស់ឃ្លាំងទិញអេតចាយ ដែលអះអាងថា
លោកបានដាក់ទូកុងតឺន័រ រំលោភលើផ្លូវមុខឃ្លាំង ដោយបញ្ជាក់ថា
ព័ត៌មាននោះមិនត្រឹមត្រូវឡើយ ព្រោះទីតាំងដីដែលដាក់ទូកុងតឺន័រ
គឺជាកម្មសិទ្ធិស្របច្បាប់របស់លោក។
លោក ហួន
លន់ បញ្ជាក់ថា ដីនេះលោកបានកាន់កាប់តាំងពីឆ្នាំ២០០៨
ហើយបន្ទាប់ពីរដ្ឋអនុវត្តគម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣
លោកបានប្រគល់ដីភាគច្រើនជូនរដ្ឋ ដើម្បីអភិវឌ្ឍន៍។ ទោះជាយ៉ាងណា នៅសល់ដីមួយផ្នែកតូច
ប្រវែងប្រហែល ៣ម៉ែត្រ គុណ ៧៥ម៉ែត្រ ដែលលោករក្សាទុកសម្រាប់ស្នាក់នៅ ហើយក៏ជាទីតាំងដាក់កុងតឺន័រនាពេលបច្ចុប្បន្ន។
លោកបន្តថា
ការចោទប្រកាន់ពីភាគីឈ្មោះ សឿ គឹមហាយ គឺលើកយកតែអត្ថប្រយោជន៍ខ្លួនឯង
ខណៈមិនបានលើកឡើងអំពីការចាក់ដីលុបប្រឡាយ ដែលជាសម្បត្តិសាធារណៈ
ដើម្បីយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននោះឡើយ។
លោកក៏បានអះអាងថា ខ្លួនគ្រាន់តែចង់បានភាពយុត្តិធម៌
និងឱ្យមានការអនុវត្តច្បាប់ដោយស្មើភាព។
បន្ថែមពីនេះ លោក ហួន លន់ បានឱ្យដឹងថា
បន្ទាប់ពីទទួលសំណងពីគណៈកម្មការដោះស្រាយផលប៉ះពាល់ គម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣
លោកនៅតែបន្តប្រើប្រាស់ដីដែលនៅសល់។
ទោះយ៉ាងណា ប្រសិនបើរដ្ឋត្រូវការប្រើប្រាស់ដីនោះវិញ
លោកសុខចិត្តប្រគល់ជូនដោយគ្មានលក្ខខណ្ឌ។
ជុំវិញករណីនេះ
អាជ្ញាធរខណ្ឌកំបូល ក្រោមការដឹកនាំរបស់លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌ
បានរៀបចំកិច្ចប្រជុំសម្របសម្រួលជាបន្តបន្ទាប់
ដើម្បីដោះស្រាយទំនាស់រវាងភាគីទាំងពីរ។
យោងតាមរបាយការណ៍រដ្ឋបាលខណ្ឌកំបូល និងការផ្ទៀងផ្ទាត់ប្លង់ L-Map ពីមន្ត្រីជំនាញ
បានបង្ហាញថា សំណង់ឃ្លាំងរបស់ឈ្មោះ សឿ គឹមហាយ បានសង់រំលោភចូលលើចំណីប្រឡាយប្រហែល
៧៧ម៉ែត្រការ៉េ ហើយអាជ្ញាធរបានណែនាំឱ្យរុះរើ ឬវាយកម្ទេចចេញវិញ។
ប្រភពដដែលបញ្ជាក់ថា ផ្លូវក្រវ៉ាត់ក្រុងទី៣ មានទទឹង ៣០ម៉ែត្រ
និងមានប្រឡាយអមទទឹង ១៦ម៉ែត្រ ដែលត្រូវបានកំណត់តាមប្លង់សុរិយោដី។ ចំណែកភាគីឈ្មោះ សឿ
គឹមហាយ បានស្នើសុំយកពេលពិភាក្សាជាមួយក្រុមគ្រួសារ ដើម្បីស្វែងរកដំណោះស្រាយបន្ត៕
ខាងក្រោមនេះជាលិខិតពាក់ព័ន្ធករណីខាងលេីនេះ៖





















