(ខេត្តស្ទឹងត្រែង) ៖
មានការបែកធ្លាយវីដេអូសកម្មភាពទណ្ឌិតជាប់ឃុំក្នុងពន្ធនាគារខេត្តស្ទឹងត្រែងបានលេងទូរស័ព្ទយ៉ាងរំភើយ
និងសេរីភាពតែម្ដង ក្រោមការបើកដៃរទិញលក់ និងបង់សេវាកម្មប្រើទូរស័ព្ទក្នុងពន្ធនាគារ
ក្នុងនោះមានឯកសារពាក្យបណ្ដឹងដែលផ្ញើមកកាន់អង្គភាពសារព័ត៌មានយើងខ្ញុំ
នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦នេះបានប្ដឹងលោក លឹម វាសនា
ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង និងលោក ពុំ រតនៈ ប្រធានផ្នែកគ្រប់គ្រងទណ្ឌិត
ពាក់ព័ន្ធការទទួលសំណូក
ប្រមូលលុយពីទណ្ឌិតក្នុងបន្ទប់ពន្ធនាគារខេត្តស្ទឹងត្រែង។
យោងតាមពាក្យបណ្ដឹងបានប្ដឹងជូន
ឯកឧត្តមកិត្តិកោសលបណ្ឌិត ឱម យិនទៀង
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយដែលអង្គភាពសារព័ត៌មានយើងខ្ញុំ
ទទួលបានឲ្យដឹងថា៖ រូបគាត់ជាទណ្ឌិត ទណ្ឌិតរួមបន្ទប់
និងទណ្ឌិតដែលរស់នៅក្នុងបន្ទប់ដទៃទៀត
កំពុងជាប់ឃុំអនុវត្តទោសនៅក្នុងពន្ធនាគារខេត្តស្ទឹងត្រែង
ត្រូវបានលោកប្រធានពន្ធនាគារខេត្តស្ទឹងត្រែង ទារលុយបង់បន្ទប់ពីទណ្ឌិតទាំងអស់ និង
ចាត់មន្ត្រីក្រោមឱវាទគាត់ឈ្មោះ ពុំ រតនះ ជាប្រធានផ្នែកគ្រប់គ្រងទណ្ឌិត និងជនជាប់ឃុំ
ដើរប្រមូលលុយពីបន្ទប់នីមួយៗ និងតែងតែគម្រាមកំហែងអោយបង់ប្រាក់ប្រចាំខែ
ដោយក្នុងមួយបន្ទប់ប្រមូលចាប់ពី ៤០០០ដុល្លា ទៅ ៧០០០ដុល្លាអាមេរិក
ដោយអោយប្រមូលរួមគ្នាសម្រាប់ទណ្ឌិតម្នាក់ ត្រូវបង់ចាប់ពី១០០ដុល្លា
ទៅ៣០០ដុល្លាអាមេរិក ជាថ្នូរសម្រាប់ការសម្រួលអោយការរស់របស់ពួកគេនៅក្នុងបន្ទប់ពន្ធនាគារមានភាពងាយស្រួលរស់នៅ
និងអាចប្រើ ប្រាស់ទូរស័ព្ទបាន។
ក្នុងករណីអ្នកដែលគ្មានលទ្ធភាព
និងមិនព្រមបង់ប្រាក់ខាងលើទេ ពួកគេត្រូវចាត់អោយទៅនៅក្នុងបន្ទប់ផ្សេង
សម្រាប់អ្នកដែលគ្មានលទ្ធភាពលុយបង់តាមការកំណត់ ហើយពួកអ្នកទាំងនោះ
អាចប្រឈមនិងការទទួលពិន័យផ្សេងៗ ឬរងការប្រើពាក្យសំដីដែលមិនសមរម្យ
និងគ្មានសិទ្ធប្រើប្រាស់ទូរស័ព្ទនោះទេ។ ដោយសារតែយើងខ្ញុំពុំមានជម្រើស
និងចង់អោយការរស់នៅមានភាពងាយស្រួល ចេះតែព្យាយាមរកលុយពីក្រុមគ្រួសារយកមក
បង់ជូនលោកប្រធាន និងបក្សពួកលោកប្រធានតាមការកំណត់។
ហេតុនេះបានធ្វើអោយក្រុមគ្រួសារខ្ញុំបាទទទួលកាតព្វកិច្ចទៅរកប្រាក់មកអោយខ្ញុំបាទ
យកមកប្រើប្រាស់ ដែលធ្វើអោយជីវភាពក្នុងគ្រួសារខ្ញុំបាទមានការប៉ះពាល់ជាខ្លាំង
តែចេះតែព្យាយាម
តាមការកំណត់របស់ក្រុមមន្ត្រីពុករលួយក្នុងពន្ធនាគារខេត្តស្ទឹងត្រែងនេះ។
ខ្ញុំបាទមានការព្រួយបារម្ភ និងអាណិតគ្រួសាររបស់ខ្ញុំបាទជាខ្លាំង និងក្រុមគ្រួសារទណ្ឌិតដទៃទៀតដែលជួបប្រទះ
និងការគម្រាមកំហែងអោយយកលុយមកបង់ដូចខ្ញុំបាទដែរ។
យើងទាំងអស់គ្នាបានពិភាក្សារកដំណោះស្រាយអោយបានត្រឹមត្រូវ
និងឯកភាពគ្នាសម្រេចរាយការណ៍តាមពាក្យបណ្ដឹងនេះឡើងជូនអង្គភាពប្រឆាំងអំពើពុករលួយ
ដោយពួកខ្ញុំបាទ សង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយបានទទួលពាក្យបណ្ដឹងនេះរួច
និងពិនិត្យភស្តុតាងរបស់ ខ្ញុំបាទហើយ អង្គភាពប្រឆាំងអំពើពុករលួយ
និងអាចចាត់ក្រុមការងារពិនិត្យស្រាវជ្រាវ ដើម្បីស្វែងរកបទល្មើសពុក
រលួយដែលប្រព្រឹត្តយ៉ាងបើកចំហរដោយក្រុមបក្សសម្ព័ន្ធក្នុងពន្ធនាគារនេះ ដែលកើតឡើងជាច្រើនយូរឆ្នាំមកហើយ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យឿន ទៀង
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ
មេត្តាជួយរកយុត្តិធម៌ជូនដល់ក្រុមគ្រួសារខ្ញុំបាទទាំងអស់គ្នាដោយក្តីសេចក្ដីអនុគ្រោះបំផុត។
យោងតាមសេចក្ដីណែនាំរបស់អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ
លេខ០០៣ ស.ណ.ន ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩
ស្ដីពីការបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធទូរស័ព្ទនៅតាមមណ្ឌលអប់រំកែប្រែ
និងពន្ធនាគាររាជធានីខេត្ត ដោយយោងតាមការអនុវត្តបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា
១.បញ្ឈប់ការប្រើប្រាស់ប្រព័ន្ធទូរស័ព្ទដែលដាក់ឲ្យជនជាប់ឃុំប្រើប្រាស់
ចាប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ រហូតដល់មានបទបញ្ជាថ្មី។
២.ករណីរកឃើញទូរស័ព្ទដែលបំរុងនាំចូល
ឬរកឃើញទូរស័ព្ទក្នុងពន្ធនាគារត្រូវធ្វើកំណត់ហេតុដកហូតរក្សាទុក។
ចំពោះជនដែលប្រព្រឹត្តបទល្មើស
ត្រូវមានវិធានការតាមផ្លូវច្បាប់ដូចមានចែងក្នុងមាត្រា៥៧១ និងមាត្រា៥៧២
នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា
និងដាក់វិន័យតាមបទបញ្ជាផ្ទៃក្នុងពន្ធនាគារ។ ៣.ត្រូវរាយការណ៍អំពីសភាពការណ៍
និងលទ្ធផលនៃការចាត់តាំងអនុវត្តសេចក្ដីណែនាំនេះ
តាមរយៈរបាយការណ៍ប្រចាំថ្ងៃមកអគ្គនាយកដ្ឋានពន្ធនាគារ។
ករណីនេះផងដែរ អង្គភាពយើងខ្ញុំ
មិនអាចសុំការបំភ្លឺពីលោក លឹម វាសនា និងលោក ពុំ រតនៈ នៅថ្ងៃទី១២ ខែកុម្ភៈ
ឆ្នាំ២០២៦ ដោយពុំមានលេខទូរស័ព្ទទំនាក់ទំនង។
ពាក់ព័ន្ធករណីខាងលើនេះ អង្គភាពយើងខ្ញុំ
នឹងរងចាំមើលថា លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត
អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារនឹងមានវិធានការណ៍បែបណាក្រោយបែកធ្លាយវីអូខេលក់
និងជួលទូរស័ព្ទ និងបង់សេវាប្រចាំខែទៅលោក លឹម វាសនា
ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង និងលោក ពុំ រតនៈ ប្រធានគ្រប់គ្រងទណ្ឌិត? ទោះបីជាយ៉ាងណាក៏ដោយអង្គភាពយើងខ្ញុំ
នឹងរងចាំការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅរៀងរាល់ម៉ោងធ្វើការ
សម្រាប់ព័ត៌មានលំអិតវីអូខេនឹងផ្សាយនៅវគ្គបន្ទាប់៕


