(អាមេរិក)៖ កម្ពុជា និងសហរដ្ឋមន្ត្រី
បានបង្ហាញជំនឿថា ពាណិជ្ជកម្ម
និងការវិនិយោគរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរក្រោមកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលទាំងពីរ។
នារសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន
ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោកឯកអគ្គរដ្ឋទូត Jamieson Greer តំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក
ក្នុងឱកាសនៃការដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាចូលរួមកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព
(Board of Peace) នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។
លោកឯកអគ្គរដ្ឋទូត Jamieson Greer បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជា
ដែលបានជំរុញឱ្យទំនាក់ទំនងទ្វេភាគីអាម៉េរិក-កម្ពុជា កាន់តែរីកចម្រើនជាលំដាប់
ជាពិសេសនៅក្នុងវិស័យពាណិជ្ជកម្ម។ ជាក់ស្ដែង, ពាណិជ្ជកម្មទ្វេភាគី
អាម៉េរិក-កម្ពុជា បន្តកើនឡើងប្រមាណជិត ២៩% ក្នុងឆ្នាំ២០២៥
បើធៀបនឹងទំហំពាណិជ្ជទ្វេភាគីក្នុងឆ្នាំ២០២៤
ស្របពេលដែលការវិនិយោគរបស់សហរដ្ឋអាម៉េរិកនៅកម្ពុជាក៏កើនឡើងគួរឱ្យកត់សម្គាល់
ដែលនេះជាផ្លែផ្កានៃការជឿទុកចិត្តនៅក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
សម្ដេចមហាបវរធិបតី
បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារទទួលបន្ទុកផ្នែកពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិកក្នុងការចរចា
និងឈានដល់សម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងព្រះរាជាណាចក្រកម្ពុជា
និងសហរដ្ឋអាម៉េរិក ដែលសម្រេចបានអត្រាពន្ធក្នុងរង្វង់ ១៩%
លើការនាំចូលទំនិញរបស់កម្ពុជាចូលសហរដ្ឋអាម៉េរិក។
ឆ្លៀតក្នុងឱកាសនេះ សម្តេចមហាបវរធិបតី ក៏បានថ្លែងអំណរគុណ
និងវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់លោកប្រធានាធីបតី Donald J. Trump ក្នុងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ក្នុងការជំរុញឱ្យមានបទឈប់បាញ់
កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្ដីថ្លែងការរួមទីក្រុងគួឡាឡាំពួ ថ្ងៃទី២៦
ខែតុលា ឆ្នាំ២០២៥ ក៏ដូចជាសេចក្ដីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥
ដើម្បីធានាដល់ការកសាងសន្តិភាពយូរអង្វែងរវាងកម្ពុជា និងថៃ។
សម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងលោកឯកអគ្គរដ្ឋទូត Jamieson Greer ក៏បានសម្ដែងនូវសុទិដ្ឋិនិយមថា
ក្រោមការខិតខំប្រឹងប្រែងរវាងប្រទេសទាំងពីរ, ទំនាក់ទំនង
កម្ពុជា-អាម៉េរិក នឹងកាន់តែប្រសើរឡើង ជាពិសេសជំរុញឱ្យមានកំណើនពាណិជ្ជកម្មទ្វេភាគី
និងកំណើនការវិនិយោគរបស់សហរដ្ឋអាម៉េរិកនៅកម្ពុជា។ សម្ដេចមហាបវរធិបតី បានបញ្ជាក់ជូនលោកឯកអគ្គរដ្ឋទូត
Jamieson Greer ថា
កម្ពុជានឹងបន្តខិតខំប្រឹងប្រែងដើម្បីបញ្ចប់នូវការបំពេញនិតីវិីនានា
សំដៅជំរុញការអនុវត្តពេញលេញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងប្រទេសទាំងពីរ
សម្រាប់ជាឧត្តមប្រយោជន៍ដល់ប្រជាជាតិទាំងពីរ។
សម្ដេចមហាបវរធិបតី និងលោកឯកអគ្គរដ្ឋទូត Jamieson Greer ក៏បានពិភាក្សាគ្នាផងដែរអំពីវិស័យសក្កានុពលនានាដែលប្រទេសទាំងពីរអាចនឹងជំរុញទំនាក់ទំនង
និងកិច្ចសហប្រតិបត្តិការ ដើម្បីធានាបាននូវឧត្តមប្រយោជន៍សម្រាប់ប្រទេសទាំងពីរ
និងដំណោះស្រាយលើបញ្ហាសេសសល់ ដែលត្រូវរួមគ្នាដោះស្រាយ ដើម្បីធ្វើយ៉ាងណាឱ្យរំហូរពាណិជ្ជកម្មទ្វេភាគី
និងការធ្វើនិយោគរបស់សហរដ្ឋអាម៉េរិកមកកម្ពុជាកាន់តែរីកចម្រេីនបន្ថែមទៀត៕








