(ភ្នំពេញ)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) បានផ្ញើលិខិតជូនលោក
អូលីវែរ រីឆាត (Olivier
Richard) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃ សាធារណរដ្ឋបារាំង
ប្រចាំព្រះរាជាណាចក្រកម្ពុជា អំពីសីលធម៌របស់លោក Matt Hunt អ្នកកាសែតឯករាជ្យម្នាក់
ដែលបម្រើការងារឱ្យសារព័ត៌មាន France 24 ដែលមានមូលដ្ឋាននៅប្រទេសថៃ
ទាក់ទងនឹងការរាយការណ៍ដែលមានលក្ខណៈវិនិច្ឆ័យដោយលម្អៀង
និងការអត្ថធិប្បាយជាលក្ខណៈផ្ទុយរបស់គាត់ស្តីពីជម្លោះ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥
រវាងកម្ពុជា និងថៃ ជាពិសេសអត្ថបទដែលមានចំណងជើងថា «ប្រទេសថៃ ធ្វើការវាយប្រហារតាម អាកាសដើម្បីការពារខ្លួនបន្ទាប់ពីការប៉ះទង្គិចគ្នានៅតាមព្រំដែន
ដែលបានសម្លាប់ទាហានថៃ»។
គ.ស.ម.ក
ចាំបាច់ត្រូវតែបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងរបស់ខ្លួនចំពោះរបាយការណ៍ខាងលើ
ព្រោះវាបង្ហាញពីការរៀបរាប់មួយ ដែលមានគោលបំណងបម្រើផលប្រយោជន៍ខ្លួនឯងដោយបំភាន់
និងដើម្បីឱ្យមានការយល់ច្រឡំ មិនឆ្លុះបញ្ចាំងពីស្ថានភាពពិតជាក់ស្តែងអំពីករណីព្រំដែនកម្ពុជា-ថៃ
ហើយក៏មិនស្របតាមស្តង់ដារ សារព័ត៌មាន
ដែលអ្នកសារព័ត៌មានត្រូវប្រកាន់ខ្ជាប់ជាមូលដ្ឋាននូវភាពត្រឹមត្រូវ ភាពមិនលម្អៀង
និងភាពយុត្តិធម៌។ ដោយមិនរិះគន់ចំពោះការវាយប្រហារតាមអាកាស
ហើយបែរជាផ្សាយថាជាសកម្មភាព «ការពារខ្លួន» ការរាយការណ៍នេះពឹងផ្អែកលើលេសដែលប្រតិដ្ឋ
និងគ្មានមូលដ្ឋានដែលមិនអើពើនឹងភស្តុតាងដែលត្រូវធ្វើការផ្ទៀងផ្ទាត់ មាន
រួមទាំងករណីជាច្រើន
ដែលកងកម្លាំងប្រដាប់អាវុធថៃបានផ្តួចផ្តើមអរិភាពយ៉ាងច្បាស់លាស់នៅក្នុងទឹកដីកម្ពុជា
បានបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសជនស៊ីវិលជាច្រើននាក់
ការផ្លាស់ទីលំនៅជាច្រើនគ្រួសារ និងការបំផ្លិច បំផ្លាញទ្រព្យសម្បត្តិឯកជន
និងហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិលយ៉ាងសន្ធឹកសន្ធាប់។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានគូសបញ្ជាក់ថា
ការបំភ្លៃបែបនេះមិនត្រឹមតែផ្តល់ព័ត៌មានមិនពិតដល់សាធារណជនអន្តរជាតិប៉ុណ្ណោះទេ
ប៉ុន្តែថែមទាំងប្រឈម នឹងហានិភ័យនៃការបង្កើនភាពតានតឹងបន្ថែមទៀត
ក្នុងអំឡុងពេលស្ថានភាពមានភាពតានតឹងរួចទៅហើយ។
ការរាយការណ៍មិនត្រឹមត្រូវដែលមានគោលបំណងបង្កើតការមួលបង្កាច់
និងប្រើប្រាស់ជាឧបាយកលជាយុទ្ធសាស្ត្រ នៅពេលស្ថានភាពកំពុងមានជម្លោះនេះ
អាចបណ្តាលឱ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរដល់សុវត្ថិភាព
និងសេចក្តីថ្លៃថ្នូររបស់ជនស៊ីវិលដែលរងផលប៉ះពាល់
ហើយវាធ្វើឱ្យខូចនូវគោលការណ៍នៃសារព័ត៌មាន ដែលមានទំនួល ខុសត្រូវ
និងត្រូវបានរំពឹងទុកពីសំណាក់អង្គការប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិដែលមានកេរ្តិ៍ឈ្មោះល្អ។
លើសពីនេះ ការផ្តល់ព័ត៌មានដែលមិនត្រឹមត្រូវទាំងនេះ ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរបស់សាធារណជនក្នុងការ
ទទួលបានព័ត៌មានពិតជាក់ស្តែង មានតុល្យភាព និងអាចទុកចិត្តបាន
ដែលជាសិទ្ធិមនុស្សសំខាន់មួយត្រូវបានទទួលស្គាល់ក្រោមស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ។
សិទ្ធិក្នុងការទទួលបានព័ត៌មានពិត មានសារៈសំខាន់ណាស់ ក្នុងការធានាបានឱ្យនូវតម្លាភាព
ការទទួលខុសត្រូវ និងការការពារប្រជាជនដែលរស់នៅក្នុងតំបន់រងផលប៉ះពាល់ ដោយជម្លោះ។
គ.ស.ម.ក. បានកត់សម្គាល់បន្ថែមទៀតថា France 24 គឺសារព័ត៌មានអន្តរជាតិដ៏សំខាន់មួយរបស់សាធារណរដ្ឋបារាំង
ហើយការរាយការណ៍របស់ France 24 អាចត្រូវបានយល់ឃើញទូទាំងពិភពលោកថា
ឆ្លុះបញ្ចាំង ឬយ៉ាងហោចណាស់ជាជំហរដែលមានឥទ្ធិពលពីរដ្ឋាភិបាលបារាំង។
សម្រាប់ហេតុផលនេះ ការធានាឱ្យបាននូវការរាយការណ៍ដែលមានប្រភពច្បាស់លាស់
ការវិភាគដោយមិនលម្អៀង និងការមានការផ្ទៀងផ្ទាត់ទៅ លើភស្តុតាង
គឺចាំបាច់ណាស់ហើយគួរតែត្រូវបានធ្វើឡើងដោយប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈសារព័ត៌មានខ្ពស់បំផុត។
ដើម្បីធានាបាននូវតម្លាភាព និងសិទ្ធិទទួលបានព័ត៌មាន
កម្ពុជាតែងតែរាយការណ៍ព័ត៌មានដែលត្រូវបានផ្ទៀងផ្ទាត់
និងផ្តល់ព័ត៌មានថ្មីៗជាផ្លូវការដែលមានទាំងជាភាសាអង់គ្លេសទាក់ទងនឹងជម្លោះព្រំដែនរវាងកម្ពុជា
និងថៃ។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
សូមស្នើសុំដោយក្តីគោរពការរាប់អានថាអ្នកសារព័ត៌មានរបស់ France 24 ក៏ត្រូវធ្វើការស្រាវជ្រាវយ៉ាងហ្មត់ចត់ផងដែរ
ដោយរួមបញ្ចូលព័ត៌មានពីភាគីកម្ពុជា ដើម្បីជៀសវាងការរាយការណ៍ជាឯកតោភាគី
ដែលអាចឈានដល់ការបង្កើនភាពតានតឹង
និងដើម្បីប្រកាន់ខ្ជាប់នូវការគោរពគោលការណ៍នៃសារព័ត៌មានដែលមានទំនួលខុសត្រូវ
និងសីលធម៌វិជ្ជាជីវៈ ជាជាងការផ្សាយដោយលក្ខណៈបំភាន់ និងមានចរិតនយោបាយណាមួយ។
ដោយពិនិត្យឃើញពីកង្វល់ដ៏ធ្ងន់ធ្ងរទាំងនេះ គ.ស.ម.ក.
សូមស្នើដោយគោរពដល់ឯកអគ្គរដ្ឋទូត មេត្តាពិចារណាទាក់ទងជាមួយសារព័ត៌មាន France 24 និងថ្នាក់ដឹកនាំរបស់អ្នកនិពន្ធដើម្បីទី១៖ ពិនិត្យ និងកែតម្រូវភ្លាមៗ
នូវខ្លឹមសារដែលបំភាន់ និងគ្មានមូលដ្ឋាននៃព័ត៌មានដូចមានរៀបរាប់ខាងលើ និងទី២៖ ធានាថា
ការផ្សាយព័ត៌មាននាពេលអនាគត ទាក់ទងនឹងភាពតានតឹងនៅព្រំដែនកម្ពុជា-ថៃ
គោរពតាមស្តង់ដារសារព័ត៌មានអន្តរជាតិ
រួមទាំងការយកចិត្តទុកដាក់ខ្ពស់ចំពោះផលប៉ះពាល់ផ្នែកសិទ្ធិមនុស្ស នៃសកម្មភាពយោធា
តាមរយៈការផ្ទៀងផ្ទាត់ប្រកបដោយកិច្ចសហប្រតិបត្តិការជាជាងផ្អែកលើការ អះអាង
និងវាយតម្លៃដែលបានគ្រោងទុកជាមុនណាមួយ៕






