សហរដ្ឋអាមេរិក ដាក់សម្ពាធឱ្យក្រុមប្រឹក្សា UN ទទួលយកផែនការសន្តិភាពហ្កាហ្សារបស់លោក ដូណាល់ ត្រាំ

នាគខៀវ

(យូអិន)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ សហរដ្ឋអាមេរិកបានអំពាវនាវដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) ឱ្យរួបរួម និងគាំទ្រសេចក្តីព្រាងដំណោះស្រាយរបស់ខ្លួន ក្នុងបំណងជំរុញផែនការសន្តិភាពរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ សម្រាប់តំបន់ហ្កាហ្សា ជាមួយការព្រមានអំពីផលវិបាកចំពោះប៉ាឡេស្ទីន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២៥។

អ្នកនាំពាក្យនៃបេសកកម្មអាមេរិកប្រចាំ UN បានលើកឡើងថា «ការប៉ុនប៉ងសាបព្រួសភាពមិនចុះសម្រុងគ្នា នៅពេលដែលកិច្ចព្រមព្រៀងលើដំណោះស្រាយស្ថិតក្រោមការចរចាយ៉ាងសកម្ម ក៏មានផលវិបាកធ្ងន់ធ្ងរជាក់ស្តែង ចៀសមិនរួចសម្រាប់ប៉ាឡេស្ទីននៅក្នុងតំបន់ហ្កាហ្សា»។ ដោយចាត់ទុកវាជាពេលវេលាប្រវត្តិសាស្ត្រ ក្នុងការត្រួសត្រាយផ្លូវឆ្ពោះទៅរកសន្តិភាពយូរអង្វែងនៅមជ្ឈិមបូព៌ា អ្នកនាំពាក្យរូបនេះបន្ថែមថា «បទឈប់បាញ់មានភាពផុយស្រួយ ហើយយើងជំរុញឱ្យក្រុមប្រឹក្សារួបរួមគ្នា និងឆ្ពោះទៅមុខ ដើម្បីទទួលបានសន្តិភាពដែលត្រូវការជាចាំបាច់»

គួរបញ្ជាក់ថា តាមសេចក្តីព្រាងទី ៣នៃដំណោះស្រាយដែល AFP ទទួលបាន «ក្រុមប្រឹក្សាសន្តិភាព» ជាអាជ្ញាធរអន្តរកាលគ្រប់គ្រងហ្កាហ្សានឹងត្រូវបង្កើតឡើង ដោយមានលោក ត្រាំ ជាប្រធាន ហើយមានអាណត្តិរហូតដល់ចុងឆ្នាំ ២០២៧។ ក្រៅពីនេះ ប្រទេសជាសមាជិកនឹងបង្កើតកងកម្លាំងរក្សាស្ថេរភាពអន្តរជាតិបណ្តោះអាសន្ន (ISF) ដោយត្រូវធ្វើការជាមួយអ៉ីស្រាអែល អេហ្ស៉ីប និងប៉ូលិសប៉ាឡេស្ទីនដែលទើបបណ្តុះបណ្តាលថ្មី ដើម្បីជួយដល់តំបន់ព្រំដែន និងតំបន់គ្មានយោធានៅហ្កាហ្សា។ ប៉ុន្តែមិនមានការលើកឡើងអំពីដំណោះស្រាយរដ្ឋពីរនោះទេ៕




 


#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top