ក្រុមហ៊ុននាំចូលគ្រាប់ធញ្ញជាតិ និងផលិតនូវផលិតផលម្ហូបអាហារធំជាងគេនៅតួកគីយ៉េ មានបំណងនាំចូល អង្ករ ស្វាយចន្ទី និងកសិផលផ្សេងទៅពីកម្ពុជា

នាគខៀវ

(អង់ការ៉ា, តួកគីយ៉េ)៖ ក្រុមហ៊ុន Yayla ដែលជាក្រុមហ៊ុននាំចូលគ្រាប់ធញ្ញជាតិ និងផលិតនូវផលិតផលម្ហូបអាហារធំជាងគេនៅតួកគីយ៉េ និងមានទីតាំងលក់រាយជាង៦ម៉ឺនកន្លែង បានបង្ហាញចំណាប់អារម្មណ៍ក្នុងការនាំចូលនូវផលិតផលអង្ករ គ្រាប់ស្វាយចន្ទី ផ្លែឈើក្រៀម និងគ្រាប់ធញ្ញជាតិផ្សេងទៀតពីប្រទេសកម្ពុជា ដើម្បីកែច្នៃសម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងប្រទេសតួកគីយ៉េ និងនាំចេញទៅទីផ្សារអឺរ៉ុប និងមជ្ឈិមបូព៌ា។

ថ្នាក់ដឹកនាំក្រុមហ៊ុន Yayla បង្ហាញបំណងនាំចូលផលិតផលកសិកម្មពីកម្ពុជា បែបនេះ ក្នុងឱកាសដែលលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចុះទស្សនកិច្ចនៅក្រុមហ៊ុន និងបានបានជួបពិភាក្សាការងារជាមួយ លោក Hasan GÜMÜŞ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Yayla នាថ្ងៃទី៣ ខែវិចិ្ឆកា ឆ្នាំ២០២៥ នៅទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ។

លោក Hasan GÜMÜŞ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Yayla បានសម្តែងគារវកិច្ច និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវរដ្ឋមន្រ្តី និងគណៈប្រតិភូកម្ពុជា ដែលបានអញ្ជើញមកទស្សនកិច្ចនៅក្រុមហ៊ុន Yayla

លោកស្រី ចម និម្មល បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះសំណើររបស់ក្រុមហ៊ុនក្នុងការស្វែងរកអ្នកផ្គត់ផ្គង់ និងដៃគូពាណិជ្ជកម្មនៅកម្ពុជា។ ជាមួយគ្នានេះ លោកស្រី បានជម្រាបជូនបន្ថែមអំពីសក្តានុពល និងលក្ខណៈពិសេសរបស់ផលិតផលកសិកម្មកម្ពុជា ជាពិសេសអង្ករ និងគ្រាប់ស្វាយចន្ទី ដោយនឹងយកសំណើររបស់ក្រុមហ៊ុន ផ្តល់ជូនទៅវិស័យឯកជន អ្នកផលិត និងអ្នកផ្គត់ផ្គង់នៅកម្ពុជា ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុន និងសិក្សាអំពីលទ្ធភាពក្នុងការនាំចេញមកទីផ្សារប្រទេសតួកគីយ៉េ។

សូមគូសបញ្ជាក់ផងដែរថា ក្រុមហ៊ុន Yayla ជាក្រុមហ៊ុននាំចូលគ្រាប់ធញ្ញជាតិ និងផលិតនូវផលិតផលម្ហូបអាហារធំជាងគេ និងច្រើនប្រភេទមួយនៅក្នុងប្រទេសតួកគីយ៉េ ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៦ និងមានសមត្ថភាព ផលិតកម្មផលិតផលម្ហូបអាហារប្រមាណ ១លានតោន ក្នុងមួយឆ្នាំ និងមានទីតាំងលក់រាយជាង ៦ម៉ឺនកន្លែងនៅក្នុងប្រទេសតួកគីយ៉េ និងសហភាពអឺរ៉ុប៕







 



#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top