(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron នឹងតែងតាំងនាយករដ្ឋមន្ត្រីថ្មីម្នាក់នៅក្នុងរយៈពេល ៤៨ម៉ោង ហើយសមាជិករដ្ឋសភាភាគច្រើនបានប្រឆាំងជំទាស់នឹងការរៀបចំ ការបោះឆ្នោតសភាមុនអាណត្តិ ក្នុងបរិបទដែលបារាំងកំពុងជួបប្រទះនឹងវិបត្តិនយោបាយដ៏អាក្រក់មួយមិនធ្លាប់មានក្នុងពេលរាប់ទសវត្សរ៍មកនេះ។ នេះបើតាមការិយាល័យរបស់លោក Macron ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Sebastien
Lecornu ដែលជានាយករដ្ឋមន្ត្រីបារាំងទី៥
ក្នុងរយៈពេល២ឆ្នាំមកនេះបានលាលែងចេញពីតំណែងកាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ
ក្រោយឡើងកាន់តំណែងបានត្រឹម តែ២៨ថ្ងៃ ដែលធ្វើឱ្យរូបលោក
និងរដ្ឋាភិបាលរបស់លោកកាន់អំណាចបានខ្លីជាងគេនៅក្នុងប្រវត្តិសាស្ត្របារាំងសម័យទំនើប។
ប៉ុន្តែតបតាមសំណើរបស់លោក Macron លោក Lecornu បានយល់ព្រមទទួលយកភារកិច្ចដឹកនាំកិច្ចចរចាជាមួយក្រុមមេដឹកនាំគណបក្សនយោបាយដទៃដើម្បីស្វែងរកច្រកចេញសម្រាប់វិបត្តិនយោបាយសព្វថ្ងៃ។
ដោយលើកឡើងពីការសន្និដ្ឋានរបស់លោក Lecornu ក្រោយកិច្ចចរចានោះ
ការិយាល័យប្រធានាធិបតីបារាំង បានបញ្ជាក់ថា «សមាជិករដ្ឋសភាភាគច្រើនបានប្រឆាំងនឹងការរំលាយរដ្ឋសភា
(ដើម្បីរៀបចំការបោះឆ្នោតមុនអាណត្តិ) ...ដូច្នេះ ផ្អែកលើមូលដ្ឋាននេះ
ប្រធានាធិបតីនៃសាធារណរដ្ឋនឹងតែងតាំងនាយករដ្ឋមន្ត្រីថ្មីម្នាក់ក្នុងពេល៤៨ម៉ោងខាងមុខ»។
គួរបញ្ជាក់ថា លោក Lecornu បានបើកកិច្ចចរចាជាមួយបណ្ដាមេដឹកនាំគណបក្សនយោបាយបារាំងរយៈពេល២ថ្ងៃ
ដោយមិនអាចសម្រេចបានកិច្ចព្រមព្រៀងបញ្ចប់វិបត្តិនោះទេ ប៉ុន្តែលោក
មើលឃើញពីជំហានមួយឆ្ពោះទៅរកការតែងតាំងនាយករដ្ឋមន្ត្រីថ្មីក្នុងពេលឆាប់ៗ។ លោក Lecornu
មិនបានបង្ហើបឱ្យដឹងថាតើនរណានឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីជំនួសរូបលោក
ឡើយ៕


